ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានលួចបង្ហើបព័ត៍មានថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីមន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានបើកប្រតិបត្តិការបង្ក្រាបក្រុមអ្នកកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ចំនួន៤នាក់ រួមនឹងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។
ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងជំនាញបង្ក្រាបរួច ក៏បញ្ជូនក្រុមអ្នកកត់កន្ទុយលេខខុសច្បាប់(ឆ្នាតវៀតណាម)ចំនួន៤នាក់នោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ ប៉ុន្តែអ្វីដែលពលរដ្ឋអត់ជំនឿរនោះ គឺត្រង់ថាចាប់មិនទាន់បានមួយដង្ហើមចង្រិត ស្រាប់តែត្រូវសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅដោះលែងឲ្យមានសេរីភាពវិញ ។ ដោយទំនងជាត្រូវរូវគ្នារវាងលាភសការៈហើយមើលទៅ បានជាសមត្ថកិច្ចមិនកសាងរឿងបញ្ជូនជនសង្ស័យទាំងនោះទៅតុលាការ ដើម្បីបន្តនីតិវិធីសោះ ។
ប្រភពបានឲ្យដឹងទៀតថា ពាក់ព័ន្ធករណីក្នុងការដោះលែងក្រុមអ្នកកត់កន្ទុយលេខខុសច្បាប់ចំនួន៤នាក់នោះ ព្រោះតែក្រុមជនសង្ស័យបានឲ្យប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិកទៅឲ្យសមត្ថកិច្ច ដើម្បីជាថ្នូរសម្រាប់ការដោះលែងឲ្យមានសេរីភាពឡើងវិញ ។
ដោយឡែកលោក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានប្រាប់ភ្នាក់ងារកាសែតនគរដ្រាហ្គនតាមទូរស័ព្ទនៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះថា ពិតជាមានករណីបង្ក្រាបទីតាំងកត់ឆ្នាតវៀតណាមខុសច្បាប់មែន ប៉ុន្តែគ្រាន់តែពួកគាត់ជាកូនកញ្ច្រែងតូចតាចនោះទេ ហើយដែលពលរដ្ឋប្រាប់ថា រឿងយកលុយ៥ពាន់ដុល្លារអាមេរិក ដើម្បីជាថ្នូរសម្រាប់ការដោះលែងឲ្យមានសេរីភាពឡើងវិញនោះគឺមិនពិតទេ។ លោកអធិការបន្តថា ការចាប់ខ្លួនក្រុមអ្នកកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ខាងលើនេះ គ្រាន់តែយកគាត់មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រលប់ទៅផ្ទះវិញ ៕
ដោយ៖ ស តារា