ភ្នំពេញ៖ តារាចម្រៀងកញ្ញា គង់ ចាន់រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រខ្លួនចាប់អារម្មណ៍ខ្លាំងក្រោយពីតារាស្រីរូបនេះបង្ហាញឈុតបុរាណឆ្នៃយ៉ាងប្រណីតជាច្រើនសន្លឹក។ តារាស្រីរូបនេះបញ្ជាក់ថាឈុតបុរាណដ៏ស្រស់ស្អាតច្នៃដោយអ្នកជំនាញនេះគឺដើម្បីរំលេចក្នុងការសម្តែងបទចម្រៀងថ្មីមួយរបស់នាងផ្ទាល់។
ជាលើកដំបូងក្នុងការសម្តែងMV បទចម្រៀងថ្មីផ្ទាល់ខ្លួនដែលតារាចម្រៀងស្រី គង់ ចាន់រដ្ឋា បានលាយបញ្ចូលគ្នានូវឈុតឆាកបុរាណនិងសម័យរួមគ្នា ដោយសម្រិតសម្រាំងយ៉ាងពិសេសជាកាដូជូនអ្នកគាំទ្រនាង។ តារាស្រីរូបនេះបញ្ជាក់ថា មានម៉ូតសម្លៀកបំពាក់បុរាណ២ ឈុតដែលនាងនឹងបង្ហាញក្នុងស្នាដៃបទចម្រៀងថ្មីគឺបទ”ម្ចាស់ជីវិតស្នេហ៍អូន” ដែលនឹងចាប់ផ្តើមផលិតក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងថា ជាឈុតដែលច្នៃចេញពីសម្លៀកបំពាក់អប្សរា អមដោយការច្នៃប្រឌិតថ្មីបន្ថែម បានធ្វើឲ្យឈុតប្រណីតមួយនេះចេញជារូបរាង ។ នាងស្នើមិនបញ្ជាក់អំពីខ្ទង់ចំណាយក្នុងការច្នៃម៉ូដសម្លៀកបំពាក់ទាំងនេះ ប៉ុន្តែនាងលើកឡើងថាជាការចំណាយរបស់ផលិតកម្ម ។ នាងថាការយកឈុតទាំងនេះមកបង្ហាញក្នុងបទថ្មីព្រោះតែវាជាបទចម្រៀងដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយបទចម្រៀងនេះក៏មានការលាយបញ្ចូលគ្នានៃបទភ្លេងចម្រៀងប្រពៃណីផងដែរ។ នាងថាជាចំណែកមួយនៃការចូលរួមថែរក្សារអភិរក្ស អភិវឌ្ឍន៍លើកដំកើងអត្តសញ្ញាណជាតិខ្មែរពិសេសសម្លៀកបំពាក់តាមរយៈស្នាដៃសិល្បៈចម្រៀង ហើយនាងរំពឹងថាក្រោយចេញជារូបរាង ស្នាដៃថ្មីនេះនឹងទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជន។
សម្រាប់ឆ្នាំថ្មីនេះនាងក៏បានត្រៀមនូវបទចម្រៀងថ្មីៗជាច្រើនបទដើម្បីបំពេញចិត្តអ្នកគាំទ្រផងដែរ ហើយនាងនឹងស្វែងរកអ្វីដែលថ្មីៗបម្រើការកម្សាន្តរបស់ទស្សនិកជន៕
ដោយ វឌ្ឍនា