ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិក្រញ៉ាំ និង ភូមិផ្ទះរុង ចាប់សត្វពស់បាន ២ក្បាលនាំគ្នាធ្វើពិធីព្រលែងចូលបឹងធម្មជាតិឱ្យមានសេរីភាពជាសត្វធម្មជាតិ ក្រោយពីមានការប្រជុំផ្សព្វផ្សាយពីអាជ្ញាធរ ខណៈនៅមូលដ្ឋាននេះ មានបឹងធម្មជាតិមួយមានសត្វចម្រុះដ៏សម្បូរបែប ។
ពិធីប្រលែងសត្វពស់ចូលបឹងធម្មជាតិ ដោយមានការចូលរួមពីមន្ត្រីអភិរក្សាសត្វ និងអាជ្ញាធរខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចបឹងធម្មជាតិ (ព្រះពន្លៃ) ស្ថិតក្នុងភូមិ.ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកមេឃុំផ្ទះរុងបានឱ្យអ្នកកាសែតដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៧ ខែមករា ថា បឹងធម្មជាតិមានឈ្មោះ បឹងព្រះពន្លៃ ខាងលើមានទំហំទទឹងជាង ៣០០ម៉ែត្រ និងបណ្តោយជាង ៤០០០ម៉ែត្រ ហើយមានសត្វធម្មជាតិចម្រុះច្រើន ដោយមានកម្លាំងសហគមន៍ធ្វើការអភិរក្សដោយមានការចូលរួមពីអាជ្ញាធរផងនោះ ប្រឹងប្រែងការពារបានគង់វង្សដល់សព្វថ្ងៃ ម្យ៉ាងទៀត អាជ្ញាធរតែងតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យចេះជួយការពារនិងថែរក្សាគ្នា ទើបសម្បត្តិធម្មជាតិខាងលើនេះ អាចគង់វង្សបាន ជាក់ស្ដែងនៅរសៀលម្សិលម៉ិញមានប្រជាពលរដ្ឋឈ្មោះ អ៊ុច ហន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិក្រញ៉ាំ ឃុំផ្ទះរុង កូនគាត់ដើរឆ្លុះសត្វកណ្ដុរពេលយប់ ក៏ប្រទះឃើញពស់ថ្លាន់ ១ក្បាលមានទម្ងន់ជាង ១៥គីឡូក្រាម និងឈ្មោះ ឃុត ចិន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិឃុំផ្ទះរុងស្រុកភ្នំក្រវាញ កូនគាត់បានដើរឆ្លុះសត្វកណ្ដុរនៅពេលយប់ដូចគ្នា ក៏ចាប់បានសត្វពស់ថ្លាន់ចំនួន ១ក្បាលដែរ ដែលមានទម្ងន់ជាង ៧.៥គីឡូក្រាមកន្លះ រួចពួកគាត់បានផ្ដល់ពត៌មានឱ្យអាជ្ញាធរ គ្រានោះក៏នាំគ្នារៀបចំពិធីមួយដើម្បីធ្វើការប្រលែងវាឱ្យចូលទៅក្នុងបឹងធម្មជាតិខាងលើនេះ ឱ្យមានសេរីភាពជាសត្វធម្មជាតិវិញ ។
លោកមេឃុំបន្តទៀតថា សត្វស្លាបគ្រប់ប្រភេទនិងសត្វទឹកគ្រប់ប្រភេទមានច្រើននៅក្នុងបឹងខាងលើ ខណៈកំពុងការពារដ៏តឹងរ៉ឹងសព្វថ្ងៃ ហើយលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចាប់បានសត្វផ្សេងៗជុំវិញបឹងខាងលើនេះ សុំកុំឱ្យមានការលក់ដូរ គឺអាចលែងវាចូលទៅក្នុងបឹងវិញ ឬផ្ដល់ពត៌មានមកអាជ្ញាធរ ដើម្បីធ្វើពិធីប្រលែង និងសុំអំពាវនាវដល់អ្នកទេសចរណ៍នៅក្នុងមូលដ្ឋាន ឬមកពីឆ្ងាយក្ដីនិងជនបរទេសមួយចំនួន អាចមកទស្សនាសត្វបាននៅពេលព្រឹកព្រលឹម និងល្ងាចព្រលប់ៗ ជាពិសេសសុំឱ្យអ្នកចាប់អារម្មណ៍ខាងលើ ដើម្បីជួយធន់ធានផ្សេងៗដើម្បីអភិរក្សសត្វខាងលើ និងបឹងធម្មជាតិដ៏ធំធេងដ៏សម្បូរបែបខាងលើនេះផងដែរ ព្រោះសព្វថ្ងៃមិនទាន់មានជំនាញច្បាស់លាស់ក្នុងការអភិរក្ស និងកម្លាំងការពារបាន ១០០%នៅឡើយទេ ៕
ដោយ៖ ប៉ឹម ពិន