ខេត្តកណ្តាល ៖ បង្កាត់ភ្លើងស្នេហ៍ដោយឆក់កណ្តៀត រវាងបុរសជានគរបាលចរាចរណ៍ លួចឡើងឋានសួគ៍ជាមួយនារីជានគរបាលចរាចរណ៍ដូចគ្នា ហើយខាងស្រីនេះមានប្តីហើយ អាចជារឿងភ្លាត់ស្នៀតឈានដល់ប្តីបានដាក់ពាក្យបណ្តឹងទៅនគរបាលការិយាល័យជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការនគរបាលខេត្តកណ្តាល ខណៈខាងប្តីបានតាមដានដល់ផ្ទះសំណាក់ ថាពួកគេបានទៅក្រេបទឹកខ្មេះនៅទីនោះ។ ទើបដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ឡើងឋានសួគ៍តាមពាក្យបណ្តឹងភាគីខាងប្តី ក៏ផ្អើលឈុលដូចបែកពាងប្រហុក នឹងធ្វើអោយ កក្រើក! ដល់នគរបាលចរាចរណ៌ខេត្តកណ្តាល មិននឹកស្មានដល់ថា នារីជានគរបាលចរាចរណ៍ក្លាយជា អំពើផិតក្បត់ ជាមួយនគរបាលចរាចរណ៍ដូចគ្នាដ៏អាម៉ាស់ក្នុងសង្គមបែបនេះទៅវិញ។
សូមបញ្ជាក់ថា៖ ករណីនគរបាលចរាចរណ៍មានប្រពន្ធ និងមានទាំងកូនហើយ បានលួចលាក់មានស្នេហាជាមួយនារីជាមន្ត្រីចរាចរណ៍ដូចគ្នា ដែលមានប្តីហើយមានកូន១នោះឈានដល់ខាងប្រុសតាមទាន់នៅផ្ទះសំណាក់ បានកើតឡើងកាលពីវេលាម៉ោង ១៨និង០០នាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់«យីហោ» ឈីវសេង បន្ទប់លេខ១០២ ស្ថិតក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជាប្តីដែលប្រពន្ធលួចទៅមានស្នេហ៍លួចលាក់ មានឈ្មោះ ចេវ សុភាព អាយុ២៩ឆ្នាំ មុខរបរ ជានគរបាលអត្តរាគមន៍ខេត្តកណ្តាល។ ចំណែកប្រពន្ធមានឈ្មោះ វ៉ន សុជាតា អាយុ២៨ឆ្នាំ,មុខរបរ ជានគរបាលចរាចរណ៍ផ្លូវគោកខេត្តកណ្តាល។ ដោយឡែកសហាយស្មន់ មានឈ្មោះ នួន វៃ អាយុ៤៥ឆ្នាំ, មុខរបរជានាយរងការិយាល័យចរាចរផ្លូវខេត្តកណ្តាល នៃស្នងការនគរបាលខេត្តកណ្តាល ព្រនាមទិព្យ៩(សាហាយ) សុទ្ធជានគរបាលទាំងអស់គ្នា។
ក្នុងរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានរៀបការជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ដោយប្តីជានគរបាលអត្តរាគមន៍ រីឯប្រពន្ធជាមន្ត្រីនគរបាលចរាចរខេត្តកណ្តាល ដោយទទួលបានកូនស្រី១នាក់ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ។
លុះក្រោយមកប្រហែល២០ថ្ងៃមុនកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានឈ្លោះប្រកែកគ្នា បន្តិចបន្តួច ហើយប្រពន្ធគាត់ក៏បានចុះចោលផ្ទះបាត់ទៅ។
រហូតមកដល់វេលានិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះក៏បានតាមរកឃើញប្រពន្ធរបស់គាត់កំពុងនៅក្នុងបន្ទប់លេខ១០២ផ្ទះសំណាក់ឈាវសេង ជាមួយឈ្មោះនួន វៃ គាត់ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិតាខ្មៅអោយចុះអត្តរាគមន៍ ដល់កន្លែងកើតហេតុ តែប្រពន្ធគាត់បានរត់គេចខ្លួនបាត់ទៅ៕
ដោយ៖ សិលា