ខេត្តកណ្ដាល៖ យុវជនម្នាក់ តខ្សែភ្លើងចេញពីផ្ទះ ចុះទៅបឹងចំងាយពីផ្ទះជាង២០ម៉ែត្រ ដើម្បីឆក់ត្រី តែខុសបច្ចេកទេ ភ្លាត់ស្នៀត បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៣៥នាទី ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកអង្គស្នួលបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ភ័ណ្ឌ សុភុត ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការសួរបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ សោម សំអឿនអាយុ៥៤ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញ នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះជាកូន បានហូបបាយរួច ហើយក៍ចេញពីផ្ទះទៅបាត់ទៅ មិនដឹងទៅណាទេ រីឯខ្លួនជាម្ដាយ ចូលដេកបាត់ដែរ ។ រហូតដល់ម៉ោងប្រហែល១និង១០
នាទី ឈានចូលថ្ងៃទី១៤ ខែឆ្នាំដដែល ខ្លួនជាម្ដាយ ក៏ងើបឡើងឃើញខ្សែរភ្លើងដោតជាប់នឹងឌុយដែលនៅជិតខ្លួននោះ ពេលនោះក៍នឹកឃើញថាប្រហែលជាកូនដោតឆក់ត្រី ក៍ដកខ្សែភ្លើងចេញ ហើយដើរតាមខ្សែរភ្លើងមើលទៅឃើញកូនខ្លួនដួលនៅក្នុងទឹកស្រែនោះក៍លើកឡើងអត់ដឹងខ្លួនសោះ ក៏ស្រែក
ហៅបងប្អូនឲ្យមកជួយលើកឡើងមកផ្ទះធ្វើចលនានៅតែអត់ដឹងខ្លួនទេ
រួចរាយការណ៍ទៅប៉ុស្តិ៏រដ្ឋបាលឃុំពើក ដើម្បីធ្វើការពិនិត្យ ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ រាយការណ៍បន្តទៅផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ បានធ្វើការពិនិត្យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕