ថៃជាប្រទេសចុងក្រោយ ក្នុងចំណោមប្រទេសកោះទាំង៦ដែលបានបដិសេធនាវាទេសចរណ៍ WESTERDAMចូលចតដោយខ្លាចឆ្លង Covid-19 ។ ប៉ុន្តែកម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងនាមជាម្ចាស់ផ្ទះដែលមានស្មារតីទទួលខុសត្រូវខ្ពស់។
សហគមន៍អន្តរជាតិ បានអបអរសាទរដល់ទង្វើយ៉ាងល្អបំផុត របស់កម្ពុជា ។ នៅ ពេលនោះ តំណាងរាស្ត្រថៃមួយចំនួនបានថ្កោលទោសដល់រដ្ឋាភិបាល ដែលមិនអនុញ្ញាតិ ឲ្យនាវាខាងលើ ចូលចត ធ្វើឲ្យប្រិយភាពថៃធ្លាក់ចុះខ្លាំង ក្នុងក្រសែភ្នែកអ្នកទេសចរណ៍។
ទោះបីថៃខំស្តាកិត្តិយសក៏ហួសពេលហើយដែរ ។សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយថា ពេលនេះថៃបានអនុញ្ញាតិឲ្យនាវាដឹកអ្នកទេសចរណ៍ពីរគ្រឿងមានមនុស្សសរុបជាង ៤,០០០នាក់ចូលចតនៅកំពង់ផែកោះ ភូកេត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេសន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬកូរ៉ូណាថ្មីឡើយ។
កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពីកោះ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអនុញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត។
ចំណែកឯកប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣,១០០នាក់បានចូលចតនៅកំពង់ផែ Phuket ដោយមិនមាននរណាម្នាក់ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់មកទៀត កប៉ាល់នេះក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរីដូចគ្នាដែរ។
ប៉ុន្តែទន្ទឹមគ្នា ការអនុញ្ញាតរបស់ថៃឱ្យកប៉ាល់ទាំងពីរចូលចតបានបង្កឱ្យមានការរិះគន់ជាច្រើន នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមថា «ជាការអនុវត្តស្ដង់ដាពីរ» បន្ទាប់ពីទីក្រុងបាងកកបានបដិសេធកប៉ាល់ វែស្ទឺរដាម (Westerdam) មិនឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់ក្នុងសារព័ត៌មានថៃ Bangkok Post។
កាលពីប៉ុន្មានថ្ងៃមុននេះសារព័ត៌មានថៃ Thai PBS World បានដកស្រង់សារ បង្ហោះដោយគ្រូបង្រៀនផ្នែកសេដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ស្រីសាអេងណាម (Piti Srisaengnam) ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលបានលើកឡើងថា ថៃបានបោះបង់ចោលឱកាសល្អបំផុត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនជាប្រទេសមានមនុស្សធម៌។
លោក Piti Srisaengnam បានពន្យល់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឲ្យនាវាទេសចរណ៍ (Westerdam) ចូលចតនៅកំពង់ផែឡេមឆាបាង (Laem Chabang) ក្នុងខេត្តឈុនបុរី (Chon Buri) នោះគឺជាទង្វើ «សាហាវនិងអមនុស្សធម៌»៕