ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករបួសនោះទេ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង ២និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២០៤ កែងនិងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-0561 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលប៉ះជាមួយរថយន្តតូយ៉ូតាកាមរី បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ២០៤ ក្នុងទិសដៅពីកើតទៅ ត្រូវចំផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីបាឡែន ខ្ទាតទៅផ្លូវម្ខាង ចំណែករថយន្តហ៊ីយ៉ាន់ដា បានរេចង្កូតជ្រុលទៅបុកខឿនផ្លូវ ក្រឡាប់ផ្ងារជើងម្ខាងអូសជាច្រើនម៉ែត្រ សំណាងល្អមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿង។
បន្ទាប់ពីកើយហេតុឃើញអ្នកបើករថយន្តហ៊ីយ៉ាន់ បានលូនចេញពីរថយន្ត រួចគេចខ្លួនបាត់ទុករថយន្តចោល មួយសន្ទុះមកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងជំនាញចរាចរផ្លូវគោក នៃស្នងការរាជធានីភ្នំពេញចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ