ប្រទេសអាល្លឺម៉ង់៖ ការបាញ់ប្រហារ និងការវាយប្រហារដោយកាំបិត បានកើតឡើងជាបន្តបន្ទាប់នៅតំបន់អឺរ៉ុប ដោយជនដៃដល់ វាយប្រហារ មានភាពឆ្លាតវៃ ជាងពេលមុន ដើម្បីបញ្ចៀសការតាមចាប់ពីកម្លាំងសន្តិសុខ ក្រោយធ្វើសកម្មភាព។
នៅពេលនេះ មានករណីបាញ់ប្រហារនៅក្នុងក្លឹបរាត្រី(ហាងបារ)ឈ្មោះ Bar Shisha ពីរកន្លែងនៅក្នុងទីក្រុង Hanau និង Kesselstadt ប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន នាក់។
សារព័ត៌មាន RT បានផ្សាយថា៖ ការបាញ់ប្រហារខាងលើកើតឡើងនៅយប់ថ្ងៃទី ១៩ ខែកុម្ភៈ បណ្តាលឲ្យមនុស្ស៨នាក់បានស្លាប់ ចំណែកអ្នករងរបួស មិនទាន់ដឹងច្បាស់ ស្ថិតនៅក្នុងក្លឹបទាំងពីរខាងលើ ។
ចំណែកសារព័ត៌មាន Bild បានផ្សាយថា ៖មានមនុស្ស៨នាក់ស្លាប់ និង៥នាក់ ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កំពុងសង្គ្រោះបន្ទាន់។ មន្ត្រីសន្តិសុខ អាល្លឺម៉ង់បានបញ្ជាក់ថា៖ ការបាញ់ប្រហារលើកទីមួយ កើតឡើងនៅ តំបន់ Kurt-Schumacher-Platz ក្នុងទីក្រុង Hanau ។ ការបាញ់ប្រហារលើកទីពីរ កើតឡើងនៅទីក្រុង Kesselstadt ពេលនោះ ខ្មាន់កាំភ្លើង ជិះរថយន្ត ហើយបាញ់សំដៅចូលក្នុងក្លឹបរាត្រី ។
ជាមួយគ្នានេះដែរ បណ្តាញទូរទស្សន៍ Hessischer Rundfunk បានផ្សាយថា ៖មានករណីបាញ់ប្រហារលើកទីបីស្ថិតនៅក្នុងតំបន់ Lamboy ប៉ុន្តែព័ត៌មានមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ពីកំលាំងប៉ូលិសនៅឡើយទេ ថាតើមានការបាញ់លើកទី ៣ដែរ ឬអត់?។
កម្លាំង ប៉ូលិស អាល្លឺម៉ង បានបញ្ជូនកម្លាំង ពិសេស ទៅកាន់កន្លែងកើតហេតុ ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រផងដែរ ក្នុងការតាមចាប់ខ្លួន អ្នកវាយប្រហារ។ កម្លាំងប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណជនដៃដល់នៅឡើយទេ ៕
ដោយ៖ មែវ សាធី