ជំងឺរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬCOVID-19នោះ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងឆាប់រហ័សបំផុតអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺកើនឡើងរហូតដល់៨២ករណីហើយ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រភពព័ត៌មានកូរ៉េបានផ្សាយថា អ្នកជំងឺទាំងនេះស្ទើរតែពាក់កណ្តាល បានមានទំនាក់ទំនងជាមួយស្ត្រីអ្នកជំងឺម្នាក់អាយុ៦១ឆ្នាំ ដែលជាសមាជិកសាខាក្រុមសាសនា Daegu ស្ថិតនៅព្រះវិហារយេស៊ូ Shincheonji ។
មជ្ឈមណ្ឌលបង្ការ ការពារ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង (KCDC)បានថ្លែងការណ៍ថា អ្នកជំងឺ COVID-19 ករណីថ្មីមានចំនួន៣១ករណីបន្ថែមទៀត ត្រូវបានកត់ត្រានៅទូទាំងប្រទេស ខណៈក្នុងចំណោមនោះ២៣ករណីស្ថិតនៅក្នុងព្រះវិហារ ។
មកដល់ថ្ងៃទី១៩ ខែកុម្ភៈ កូរ៉េខាងត្បូងមានតែ៣១ករណីប៉ុណ្ណោះឆ្លងជំងឺកូរ៉ូណាថ្មី ប៉ុន្តែនៅថ្ងៃទី២០ ខែកុម្ភៈ វាបានកើនឡើងសរុប៨២នាក់ ។
គួរបញ្ជាក់ថា ជំងឺនេះ ផ្ទុះឡើងដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅប្រទេសចិន ហើយបានឆ្លងរាលដាលពាសពេញជុំវិញពិភពលោក ។ មនុស្សឆ្លងជំងឺនេះជាង២០០០នាក់បានស្លាប់រួចមកហើយ ៕
...