ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ កងកម្លាំងប្រដាប់អាវុធ យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ មន្ត្រីរាជការ និងប្រជាការពារសង្កាត់ព្រៃស សរុបប្រមាណ៣០០នាក់ ចុះជួយច្រូតស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតលទ្ធភាពច្រូតស្រូវ ក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស លើផ្ទៃដីស្រែប្រមាណ ២ហិកតា ។
លោកអភិបាលខណ្ឌ បានឆ្លៀតឱកាសពីការងារស្នូលក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីជួយច្រូតស្រូវប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ខ្វះកម្លាំងពលកម្ម ដែលសកម្មភាពនេះគឺជាការលើកទឹកចិត្តដល់ប្រជាកសិករក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឲ្យខិតខំបង្កបង្កើនផលឲ្យបានច្រើន និងឲ្យអស់ពីលទ្ធភាព លើផ្ទៃដីបង្កបង្កើនផលដែលមាន ដោយសារប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ភាគច្រើនប្រកបមុខរបរកសិកម្ម ហើយរដ្ឋបាលខណ្ឌតែងយកចិត្តទុកដាក់ជំរុញការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ តាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រនានា ការបូមទឹកសង្គ្រោះស្រូវ និងការជំរុញឲ្យមានការបង្កើតជាសហគមន៍ដាំដុះ និងសហគមន៍ចិញ្ចឹមសត្វ នៅតាមមូលដ្ឋាន ស្របតាមការណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានណែនាំដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់គិតគូរ ដល់ការលំបាក និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕
...
ដោយ៖ ភារ៉ា ដង្កោ