ខណៈទាហានកូរ៉េខាងត្បូងជាង១០នាក់បានឆ្លងវីរុសកូវីដ-១៩ រីឯទាហានអាមេ៉រិកក៏មានម្នាក់ឆ្លងផងដែរ ។ ចំណុចទាំងនេះហើយបានជាយោធាអាមេ៉រិក និងកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ប្រកាសពន្យារពេលការធ្វើសមយុទ្ធរួមគ្នា នៅពេលខាងមុខ ដោយសារតែជំងឺ COVID-19 ឆ្លងរាលដាលខ្លាំងពេក ។ នៅកូរ៉េខាងត្បូង ផ្ទុះឡើងនូវជំងឺថ្មី ចំនួន៣៣៤ករណី ធ្វើឲ្យចំនួនសរុបកើនឡើង រហូតដល់១ ៥៩៥នាក់ ។ ទាហានអាមេ៉រិកម្នាក់ នៅកូរ៉េខាងត្បូង រកឃើញថា មានផ្ទុកវីរុសនេះផងដែរ។
ការសម្រេចចិត្តពន្យារពេលលំហាត់សមយុទ្ធកើតឡើង បន្ទាប់ពីទីក្រុងសេអ៊ូល បានប្រកាសអាសន្នកម្រិតធ្ងន់ធ្ងរ ចំពោះវីរុស COVID-19 ។ មេបញ្ជាការកងកម្លាំងរួម បានថ្លែងការណ៍ថា ការពន្យារពេលសមយុទ្ធនេះ មានរហូតទាល់តែសេចក្តីជូនដំណឹងថ្មីចុងក្រោយបន្ថែមទៀត។ កាសែត International Business Times ផ្សាយដូច្នេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
សហរដ្ឋអាមេ៉រិក មានកម្លាំងទាហានប្រហែល ២៨ ៥០០នាក់ ឈរជើងនៅកូរ៉េខាងត្បូង ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ, យោធាអាមេ៉រិក ភាគច្រើនស្ថិតនៅមូលដ្ឋានទ័ព Camp Humphreys ទីក្រុង Pyeongtaekភាគខាងត្បូងទីក្រុងសេអ៊ូល ។ មូលដ្ឋានយោធាមួយនេះ គឺជាមូលដ្ឋានយោធាក្រៅប្រទេសធំជាងគេបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ។
កាលពីគ្រាមុន សម្ពន្ធមិត្តសន្តិសុខអាមេ៉រិក និងកូរ៉េខាងត្បូង បានប្រកាសផ្អាកធ្វើសមយុទ្ធនេះផងដែរ ដើម្បីសម្រួលដល់កិច្ចពិភាក្សារំសាយអាវុធនុយក្លេអ៊ែរដ៏សំខាន់ជាមួយទីក្រុងព្យុងយ៉ាង។ សមយុទ្ធនេះត្រូវបានកូរ៉េខាងជើង មើលឃើញថា ជាលក្ខណៈត្រៀមឈ្លានពានលុកលុយដែនអធិបតេយ្យរបស់ខ្លួន ។ ប៉ុន្តែក្រោយមក សមយុទ្ធនេះបានប្រកាសបន្តធ្វើឡើងវិញ នៅក្នុងរដូវផ្ការីកឆ្នាំនេះ ។
កូរ៉េខាងត្បូង បានកើនឡើងនូវអ្នកជំងឺ COVID-19 យ៉ាងឆាប់រហ័ស និងច្រើនជាងគេបង្អស់ បន្ទាប់ពីប្រទេសចិន ។ ជំងឺនេះផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេសចិន ។
អ្នកជំងឺដែលស្លាប់ថ្មីនៅកូរ៉េខាងត្បូង អត់មានទៀតនោះទេ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺកូរ៉េខាងត្បូង (KCDC) បានថ្លែងការណ៍ថា អ្នកស្លាប់មានត្រឹម១២នាក់ប៉ុណ្ណោះ ៕