ខេត្តកំពត ៖ មេការសំណង់ម្នាក់បានធ្លាក់ពីលើអគារកំពុងសាងសង់ក្នុងកម្ពស់៧ ជាន់ដល់ដីបណ្តាលឲ្យបាត់បងជីវិត ភ្លាមៗកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចអគារកំពុងសាងសង់ជាសណ្ឋាគារយីហោ កំពតថ្មី ត្រង់ចំណុចមុខរង្វង់មូលត្រីផ្សោត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ខេត្តកំពត។
មន្រ្តីនគរបាលក្រុងកំពតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង វណ្ណៈ ហៅណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មេការសំណង់ មានទីលំនៅ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ មុន ពេលកើតហេតុជនរងគ្រោះបានឡើងទៅបំពេញការងារនៅជាន់ទី៧ដូចថ្ងៃធម្មតា ហើយបន្ទាប់មកបានដើរដាក់ថ្នាំសម្លាប់ដង្កូវទឹកក្នុងអាងហើយ ក៏រអិលជើងធ្លាក់ពីលើអគារជាន់ទី៧ បណ្ដាលឲ្យបែកខួរស្លាប់ភា្លមៗ តែម្តង ។
ប្រភពពីកម្មករសំណង់បានឲ្យដឹងថា កន្លងមកជនរងគ្រោះរស់នៅភ្នំពេញ ហើយ គាត់មកធ្វើអគារខាងលើនេះជាង១ឆ្នាំមកហើយ មុខងារគាត់មើលការខុសត្រូវកម្មករក្នុងការដ្ឋាននេះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្លាក់ពីលើអគារស្លាប់ប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕