ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបានចោទថាមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងយកដុំថ្មមកគប់រថយន្តរបស់ខ្លួន ក៏បើកដេញបុកបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខសាលាភូមិន្ទរដ្ឋបាល តាមដោយផ្លូវ ៦៣កែងនិងផ្លូវ៤៦៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សពជនរងគ្រោះមានឈ្មោះ ឡេង ភេទប្រុស អាយុប្រមាណជាង ២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ ហ៊ុល សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៩ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកបេីកម៉ូតូ។រីឯអ្នកបើករថយន្តបង្កមានឈ្មោះ ញិល សាវឿន ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបរអ្នកបើករថយន្តក្រុមហ៊ុន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់ពីបុរសបើករថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHAD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BB-5573នៅតាមបណ្ដោយផ្លូវ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណៈនោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីតពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1HA-2009ធ្វើដំណើរមកពីក្រោយមិនដឹងថារឿងអីទេបានជាយុវជន២នាក់នេះរេីសដុំថ្មមកគប់ទៅលើរថយន្តរបស់គាត់ ភ្លាមនោះរូបគាត់ខឹងយបានបើករថយន្តដេញរហូតមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។បន្ទាប់មករូបគាត់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលភ្លាមៗតែម្តង។
លុះដល់ព្រឹកឡើងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះត្រួតពិនិត្យទៅលើរថយន្តរបស់ជនបង្កដោយមិនមានស្នាកស្នាមថាយុវជនទាំងពីរនាក់នោះបានយកដុំថ្មគប់ទៅលើរថយន្តនោះគ្មានកំពិតឬក៏បែកកញ្ចក់អ្វីសូម្បីតែបន្តិចមានតែស្នាមបុកម៉ូតូរបស់ជនរងគ្រោះ ។
បន្ទាប់មកសមត្ថកិច្ចកោសល្យវិច្ច័យការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសពបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនរងគ្រោះដែលស្លាប់គឺក្បាលបោកនិងថ្នល់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងនាំខ្លួនអ្នកបេីកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស រស្មី