ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៧០គ្រួសារ រស់នៅជុំវិញផ្ទះ លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់របស់ ផលិតកម្ម ហង្សមាស បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យអាជ្ញា ធរសង្កាត់គោកឃ្លាងនិងអាជ្ញាធរខណ្ឌសែនសុខជួយរកដំណោះស្រាយជូនពួកគាត់ ដោយសារតែលោក ព្រាប សុវត្តិ តែងតែបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ស្ទើររាល់ថ្ងៃ។
ការតវ៉ារបស់ប្រជាពលរដ្ឋជាង៧០ គ្រួសារ នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ១៥នាទីរសៀលថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុម៣ ភូមិច្រេស សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ។
តំណាងប្រជាពលរដ្ឋ ប្រមាណជាង ៧០គ្រួសារបានឲ្យដឹងថាអ្វីដែលពួកគាត់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះគឺដោយសារតែពួកគាត់ក្តៅក្រហាយនឹងបុគ្គលម្នាក់ឈ្មោះ ព្រាប សុវត្ថិ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ប្រចាំ ផលិតកម្មហង្សមាសតែងតែបង្កការរំខានដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។ ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុច គឺ
១ – ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវសាធារណៈ
២ – ឈប់ ធ្វើរោងឈើបិទផ្លូវ
៣ – ឈប់ ចតរថយន្ត បិទផ្លូវ គ្មានសណ្តាប់ធ្នាប់
៤ – ឈប់រោទិ៍សំឡេង រថយន្តលាន់ខ្លាំងដេកពួនមិនបាន។
ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែន សុខបានឲ្យដឹងថា លោកបានឲ្យមន្ត្រីរបស់លោកអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលជាតំណាង មកសាលាខណ្ឌ ដើម្បីដោះស្រាយហើយនៅរសៀលថ្ងៃ ខែ ឆ្នាំដដែលនេះ ខណៈដែលភាគីលោក ព្រាប សុវត្ថិ មិនមានតំណាងចូលរួមដោះស្រាយ តែលោកអភិបាលខណ្ឌសន្យាថា នឹងរក ដំណោះស្រាយជូនប្រជាពលរដ្ឋដែលមកតវ៉ាឲ្យខាងតែបាន៕
ចន្ទ លីហ្សា