ជិត១០០ប្រទេសហើយ នៅគ្រប់ទ្វីបទាំងអស់លើពិភពលោក បានឆ្លងរាលដាលវីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះ។ អង្គការសុខភាពពិភពលោក បានស្នើដល់បណ្តាប្រទេស លើពិភពលោក មិនត្រូវមើលស្រាលការឆ្លងរាលដាលវីរុស ផ្លូវដង្ហើមថ្មីនោះឡើយ។ ប្រទេសទាំងអស់ត្រូវមានវិធានការ តឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាល ឲ្យមានប្រសិទ្ធភាព ជៀសវាងលើសពីការគ្រប់គ្រងក្លាយទៅជាសោកនាដកម្ម។
ផ្ទុយទៅវិញ អង្គការសិទ្ធិមនុស្សអន្តរជាតិបានអំពាវនាវដល់ពិភពលោក ចាត់វិធានការទប់ស្កាត់ ឆ្លងរាលដាលវីរុសកូវីដ-១៩ គឺត្រូវតែ គិតគូរ ពីសិទ្ធិមនុស្សផង កុំរំលោភសិទ្ធិមនុស្សខ្លាំងពេក ។
សកម្មភាពខាងលើបានធ្វើឲ្យមនុស្សជាច្រើនវាយតម្លៃខុសៗគ្នាជុំវិញ សកម្មភាពទប់ស្កាត់ការឆ្លងរាលដាលវីរុសផ្លូវដង្ហើម។ បើមិនដាច់ខាត ដូចនៅទីក្រុងហ៊ូប៉ីប្រទេសចិន ដោយហាមពលរដ្ឋមិនឲ្យចេញពីផ្ទះ ហើយមានសិទ្ធិចេញតែម្នាក់ប៉ុណ្ណោះដើម្បីទៅផ្សារ។ នោះមិនខុសពីការដាក់គុកឡើយ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ឆ្លងរាលដាល ហើយពលរដ្ឋក៏យល់ស្របនឹងផែនការបែបនេះដែរ ។ ទាំងនោះហើយបានជួយដល់ខេត្ត ហ៊ូប៉ី មិនមានករណីឆ្លងថ្មីម្នាក់ណាឡើយ លើកលែងតែទីក្រុងវូហាន នៅមានករណីឆ្លង ទាបបំផុត។
មន្ត្រីក្នុងតំបន់បានប្តេជ្ញាចិត្តថា នៅចុងខែមីនានេះក្នុងទីក្រុងវូហាន នឹងមិនមានករណីឆ្លងថ្មីទៀតឡើយ។ប្រឈមនឹងការបន្តឆ្លងរាលដាលកូរ៉ូណាវីរុសថ្មីឥតឈប់ ប្រទេសនីមួយៗបានចាត់វិធានការទប់ស្កាត់ ផ្សេងៗគ្នា។ ប៉ុន្តែសូមកុំភ្លេចបញ្ហាសិទ្ធិមនុស្ស។ជាមួយគ្នានេះដែរឧត្តមស្នងការការពារសិទ្ធិមនុស្ស បានចេញសេចក្តីអំពាវនាវនៅថ្ងៃសុក្រទី ៦ ខែមីនា នេះឱ្យគ្រប់ប្រទេសចាត់វិធានការទប់ទល់នឹងកូរ៉ូណាវីរុសថ្មី ដោយកុំភ្លេចគិតគូរដល់ការគោរពសិទ្ធិមនុស្សនិងដោយវាយតម្លៃកម្រិតហានិភ័យឱ្យសមស្រប។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានថែមទាំងស្នើសុំឱ្យអាជ្ញាធរគ្រប់ប្រទេសគិតគូរទ្រទ្រង់សេដ្ឋកិច្ចរបស់ជនដែលមិនអាចទៅធ្វើការបានដោយហេតុមានការរាតត្បាតនៃជំងឺកូវីដ១៩។
កូវីដ-១៩ គជាតេស្តសង្គម។ យើងសម្របខ្លួនទៅតាមស្ថានការណ៍នៃការរាតត្បាត ទន្ទឹមពេលនឹងការប្រយុទ្ធប្រឆាំងនឹងវីរុស។ ជាការខិតខំប្រយុទ្ធប្រឆាំងនឹងវីរុស ដែលរក្សាភាពថ្លៃថ្នូរ និង គោរពសិទ្ធិរបស់មនុស្សជាចម្បង មិនមែនប្រឹងទប់កូរ៉ូណាវីរុសថ្មី ហើយទុកបញ្ហាសិទ្ធិមនុស្សនិងភាពថ្លៃថ្នូរ ជារឿងបន្ទាប់បន្សំឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រីឧត្តមស្នងការសិទ្ធិមនុស្សដដែល។
នៅក្នុងសេចក្តីថ្លែងការណ៍ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មិនបានចង្អុលមុខ ឬបន្ទោសប្រទេសណាមួយដោយចំៗទេ ប៉ុន្តែស្ថាប័នសិទ្ធិមនុស្សមួយនេះ បានគូសបញ្ជាក់ថា ការបិទខ្ទប់ខេត្ត-ក្រុង ការឃុំមនុស្ស និងវិធានការផ្សេងៗទៀត ត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្សជាប់ជានិច្ច និងដោយសមស្របទៅនឹងកម្រិតហានិភ័យ។
សម្រាប់លោកស្រីឧត្តមស្នងការ ដែលជាវេជ្ជបណ្ឌិតនិងជាអតីតប្រមុខដឹកនាំរដ្ឋាភិបាលដែរនោះថា ការចាត់វិធានការប្រឆាំងទល់នឹងកូវីដ១៩ ប្រកបដោយលំនឹង ជាសេចក្តីដ៏លំបាក ប៉ុន្តែការខិតខំប្រឹងប្រែងអាចសម្រេចលទ្ធផលបានដរាបណាតែវិធានការនោះគិតគូរដល់អ្នកងាយរងគ្រោះខ្លាំង ទាំងលើផ្នែកសុខភាពនិងសេដ្ឋកិច្ច។
ក្តីព្រួយបារម្ភខ្លាំងជាពិសេសរបស់លោកស្រីឧត្តមស្នងការ មានចំពោះជនដែលមានប្រាក់ចំណូលទាប ប្រជាពលរដ្ឋក្រីក្រ នៅទីជនបទ ពិការ និងមនុស្សចាស់ជរា រស់នៅឯកា ម្នាក់ឯង។ ការបិទសាលា បញ្ជាក់ថា ជាវិធានការជាក់ស្តែងមួយ ដែលអាចប៉ះពាល់ដល់ស្ត្រីខ្លាំងជាងគេ។ ស្ត្រីមាននិន្នាការត្រូវនៅមើលថែកូនជាងបុរស។ មិនទៅធ្វើការ អាចនឹងធ្វើឱ្យស្រ្តីបាត់បង់ប្រាក់ចំណូល និងដល់ថ្នាក់បាត់បង់ការងារធ្វើផងដែរ ប្រសិនបើវិបត្តិអូសបន្លាយពេលយូរ។
បច្ចុប្បន្ន ទ្វីបអាហ្វ្រិក ក៏មានករណីឆ្លងវីរុស នេះផងដែរ បង្កក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែនៅក្នុងទ្វីបនោះមានវិស័យសុខាភិបាលខ្យោយ ពិបាកក្នុងការទប់ស្កាត់ឆ្លងរាលដាល។នៅពេលនេះ ប្រទេសតូហ្គោទើបតែបានរកឃើញករណីឆ្លងដំបូងនៃ COVID-19 ក្លាយជាប្រទេសទី៩ នៅទ្វីបអាហ្រ្វិកដែលមានអ្នកឆ្លងជំងឺនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលរបស់តូហ្គោ អ្នកជំងឺម្នាក់នោះជាស្រ្តីវ័យ៤២ឆ្នាំ ដែលមានទីលំនៅក្នុងរដ្ឋធានី Lome។គាត់ធ្លាប់មានប្រវត្តិធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ បារាំង និងទួរគី កាលពីចន្លោះចុងខែកុម្ភៈ និងដើមខែមីនានេះ។ អាជ្ញាធរតូហ្គោបានបញ្ជាក់ថា អ្នកជំងឺខាងលើ កំពុងស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
គួរជម្រាបថា បច្ចុប្បន្ននៅទ្វីបអាហ្រ្វិកមានករណីឆ្លង COVID-19 សរុប៤១នាក់ហើយ ក្នុងនោះមានប្រទេសចំនួន៩ ដូចជាអាល់ហ្សេរី អេហ្ស៊ីប សេនីហ្គាល់ ទុយនេស៊ី ម៉ារ៉ុក អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា កាមេរូន និងតូហ្គោ៕