ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះថា ករណីគ្រោះថ្នាក់ចរាចរដ៏សាហាវមួយបង្កឡើងដោយ នារីស្រស់ស្អាតម្នាក់ ទំនងជាកូនក្នុងត្រកូលអ្នកមានប្រាក់ម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក ម៊ែកសឺដេស ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BD-9899 បោះពួយយ៉ាងលឿនទំនងជាស្រវឹងស្រា ឆ្លងផ្លូវជ្រុលទៅបុករះរថយន្តចំនួន៣ គ្រឿងទាំងកំរោលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយមិនព្រមចុះពីលើរថយន្តនោះ ថែមតាំងទូរស័ព្ទហៅបងប្អូនសាច់ញាតិមករំដោះខ្លួនចេញពីកន្លែងកើតហេតុទៅបាត់ដោយសុវត្ថិភាពនោះ ត្រូវបានបញ្ចប់ត្រឹមទឹកប្រាក់ ៧ពាន់ដុល្លារ ដោយអ្នកបើករថយន្តបង្កសងទៅជនរងគ្រោះទាំងអស់ ។
គួរបញ្ជាក់ថា ថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ឆ្នាំ២០២០នេះ ជាឆ្នាំដែលអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា និង ជាឆ្នាំអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ មិនថាអ្នកធំ អ្នកតូច អ្នកមានលុយ អំណាច ឬអ្នកគ្មានលុយ គ្មានអំណាចនោះទេ ។
ចំពោះការអនុវត្តត្រូវធ្វើឱ្យស្មើភាពគ្នា មិនអាចឱ្យច្បាប់ដើរទៅមុខបានទេ បើមិនអនុវត្តច្បាប់ឱ្យស្មើគ្នាទេ នឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលគ្មានមុខមាត់ នឹងគ្មានអំណាច ។ នេះបើយោងតាមប្រសាសន៍ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យចូលកាន់តំណែង អភិបាលខេត្តកណ្ដាលថ្មី និងអភិបាលរងខេត្តកណ្តាលថ្មី នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅឯសាលាខេត្តកណ្ដាល ។ សូមរំលឹកថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី ៥ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនឹងផ្លូវលេខ ១០៦ ក្បែរនឹងស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដោយមុនពេលកើតហេតុ គេឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ម៊ែកសឺដេស ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BD-9899 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខ2AV-3749 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលរថយន្ត ពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូសជាច្រើនជុំទៅបោកផ្ទប់នឹងរថយន្តតូយូតាព្រូស មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ2AE-2749ធ្វើដំណើរមកពីក្រោយបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត ។
ចំណែករថយន្តបង្កព្យាយាមបើករត់មកដល់ផ្លូវលេខ ១០២ បានជ្រុលទៅបុកនឹងរថយន្តកាមរីឆ្លាមមួយគ្រឿងទៀតពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2G-2917 ចតស្ងៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ ។
ក្រោយកើតហេតុខាងភាគីរថយន្តបង្កបានសម្របសម្រួលជាមួយខាងភាគីរថយន្តកាមរីឆ្លាមនិងបានចេញសំណងទៅឲ្យខាងរថយន្តកាមរីឆ្លាមចំនួន៤០០ ដុល្លារដើម្បីបញ្ចប់រឿង ។ ចំណែករថយន្តទាំង៣គ្រឿងទៀត ត្រូវសមត្ថកិច្ចជំនាញវាស់វែងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមក្រោយ ៕អារុណរះ