វិភាគអន្តរជាតិ ៖ មិនត្រូវយកបញ្ហាឆ្លងរាលដាលវីរុសកូវីដ-១៩​ ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនឡើយ

ចែករំលែក៖

ជិត១០០ប្រទេសហើយ នៅគ្រប់ទ្វីបទាំងអស់លើពិភពលោក បានឆ្លងរាលដាល​វីរុសផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះ។ អង្គការសុខភាពពិភពលោក បានស្នើដល់បណ្តាប្រទេស លើពិភពលោក មិនត្រូវមើលស្រាល​ការឆ្លងរាលដាលវីរុស ផ្លូវដង្ហើមថ្មីនោះឡើយ​។ ប្រទេសទាំងអស់ត្រូវមានវិធានការ តឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាល ឲ្យមាន​ប្រសិទ្ធភាព ជៀសវាងលើសពីការគ្រប់គ្រងក្លាយទៅជាសោកនាដកម្ម​។

ផ្ទុយទៅវិញ អង្គការសិទ្ធិមនុស្សអន្តរជាតិ​បានអំពាវនាវដល់ពិភពលោក ចាត់វិធាន​ការទប់ស្កាត់ ឆ្លងរាលដាលវីរុស​កូវីដ-១៩ គឺត្រូវតែ គិតគូរ ពីសិទ្ធិមនុស្សផង កុំរំលោភសិទ្ធិមនុស្សខ្លាំងពេក ។

សកម្មភាពខាងលើបានធ្វើឲ្យមនុស្សជាច្រើនវាយតម្លៃខុសៗគ្នាជុំវិញ​ សកម្មភាពទប់ស្កាត់ការឆ្លងរាលដាលវីរុសផ្លូវដង្ហើ​ម​។ បើមិនដាច់ខាត ដូចនៅទីក្រុងហ៊ូប៉ីប្រទេសចិន ដោយហាមពលរដ្ឋមិនឲ្យចេញពីផ្ទះ ហើយមានសិទ្ធិ​ចេញតែម្នាក់ប៉ុណ្ណោះដើម្បីទៅផ្សារ​។ នោះមិនខុសពីការដាក់គុកឡើយ ប៉ុន្តែវាមានប្រសិទ្ធ​ភាពខ្ពស់​ក្នុងការទប់ស្កាត់ឆ្លងរាលដាល ហើយពលរដ្ឋ​ក៏យល់ស្របនឹងផែនការបែបនេះដែរ​ ។ ទាំងនោះហើយបានជួយដល់ខេត្ត ហ៊ូប៉ី មិនមានករណីឆ្លងថ្មីម្នាក់ណាឡើយ លើកលែងតែ​ទីក្រុងវូហាន នៅមានករណីឆ្លង ទាបបំផុត​។

មន្ត្រីក្នុងតំបន់បានប្តេជ្ញាចិត្តថា​ នៅចុងខែមីនានេះក្នុងទីក្រុងវូហាន នឹងមិនមាន​ករណី​ឆ្លងថ្មីទៀតឡើយ​។ប្រឈម​នឹង​ការ​បន្ត​ឆ្លង​រាលដាលកូរ៉ូណាវីរុស​ថ្មីឥត​ឈប់ ប្រទេស​នីមួយៗ​បាន​​ចាត់​​​វិធានការ​ទប់ស្កាត់​ ផ្សេងៗ​គ្នា។ ប៉ុន្តែ​សូម​កុំ​ភ្លេច​បញ្ហា​សិទ្ធិមនុស្ស។​ជាមួយគ្នានេះដែរឧត្តមស្នងការ​ការពារសិទ្ធិមនុស្ស​ បាន​ចេញ​សេចក្តីអំពាវនាវ​នៅ​ថ្ងៃ​សុក្រទី ៦ ខែមីនា នេះ​ឱ្យ​គ្រប់​ប្រទេស​​ចាត់​វិធានការ​ទប់​ទល់​នឹង​កូរ៉ូណាវីរុស​ថ្មី ដោយ​កុំ​ភ្លេច​គិត​គូរ​ដល់​ការ​គោរព​សិទ្ធិមនុស្ស​និង​ដោយ​វាយ​តម្លៃ​កម្រិត​ហានិភ័យ​ឱ្យ​សម​ស្រប។

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី Michelle Bachelet ​បាន​ថែម​ទាំង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​ប្រទេស​​គិត​គូរ​ទ្រទ្រង់សេដ្ឋកិច្ច​របស់​ជន​ដែល​មិន​អាច​ទៅធ្វើ​​ការ​បាន​ដោយ​ហេតុមាន​ការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩។

កូវីដ-១៩ គជា​តេស្ត​សង្គម។ យើង​សម្រប​ខ្លួន​ទៅ​តាម​ស្ថានការណ៍​នៃការ​រាតត្បាត ទន្ទឹម​ពេល​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងវីរុស។ ជា​ការ​ខិត​ខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ដែល​​រក្សា​ភាព​ថ្លៃថ្នូរ​ និង​ គោរព​សិទ្ធិ​​របស់​មនុស្សជា​ចម្បង មិន​មែនប្រឹង​ទប់​កូរ៉ូណាវីរុសថ្មី ហើយ​ទុក​បញ្ហា​សិទ្ធិមនុស្ស​និង​ភាព​ថ្លៃថ្នូរ​ ជា​រឿង​បន្ទាប់​បន្សំ​​ឡើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​ដដែល។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ មិន​បាន​ចង្អុល​មុខ ឬ​បន្ទោស​​ប្រទេស​ណា​មួយ​ដោយ​ចំៗទេ ប៉ុន្តែ​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​នេះ បាន​គូស​បញ្ជាក់​ថា ការ​បិទ​ខ្ទប់​ខេត្ត​-ក្រុង​ ការ​ឃុំ​​មនុស្ស​ និង​វិធានការ​​​ផ្សេង​ៗទៀត​ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​​​ឈរ​លើ​គោលការណ៍​​គោរពសិទ្ធិមនុស្ស​​ជាប់​ជានិច្ច និង​ដោយ​សមស្រប​ទៅ​នឹង​កម្រិត​ហានិភ័យ​។

សម្រាប់​លោកស្រី​ឧត្តម​ស្នងការ ដែលជា​វេជ្ជបណ្ឌិតនិង​ជា​អតីត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​​​ដែរ​នោះថា ការ​​ចាត់​វិធានការ​ប្រឆាំង​ទល់​នឹងកូវីដ១៩ ប្រកប​ដោយ​លំនឹង​ ជា​សេចក្តី​​ដ៏​លំបាក ប៉ុន្តែ​ការ​ខិត​ខំ​ប្រឹងប្រែង​​អាច​សម្រេច​លទ្ធផល​បាន​ដរាប​ណា​តែ​វិធានការ​នោះ​គិត​គូរ​ដល់​អ្នក​ងាយរងគ្រោះ​ខ្លាំង ​ទាំង​លើផ្នែក​សុខភាព​និងសេដ្ឋកិច្ច។

ក្តី​ព្រួយបារម្ភ​ខ្លាំង​ជាពិសេសរបស់​លោកស្រីឧត្តមស្នងការ មាន​​ចំពោះ​ជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ទីជន​បទ​ ពិការ និង​មនុស្ស​ចាស់​ជរា រស់​នៅ​ឯកា ម្នាក់ឯង។ ការ​បិទ​សាលា ​​បញ្ជាក់​ថា ជា​វិធានការ​ជាក់ស្តែង​មួយ ដែល​អាច​ប៉ះពាល់​ដល់​ស្ត្រី​ខ្លាំង​ជាង​គេ។ ស្ត្រី​មាន​និន្នាការ​ត្រូវ​នៅ​មើល​ថែកូនជាង​បុរស។ មិនទៅ​ធ្វើ​ការ​ អាច​នឹង​ធ្វើ​ឱ្យ​ស្រ្តី​បាត់ប​ង់​ប្រាក់​ចំណូល និង​ដល់ថ្នាក់​បាត់បង់ការងារ​ធ្វើ​ផងដែរ ប្រសិនបើ​វិបត្តិ​អូសបន្លាយពេល​យូរ។

បច្ចុប្បន្ន ទ្វីបអាហ្វ្រិក​​​ ក៏មានករណីឆ្លងវីរុស នេះផងដែរ បង្កក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែនៅក្នុងទ្វីបនោះមានវិស័យសុខាភិបាលខ្យោយ ពិបាកក្នុងការទប់ស្កាត់ឆ្លងរាលដាល​។នៅពេលនេះ  ប្រទេសតូហ្គោទើបតែបាន​រកឃើញករណី​ឆ្លងដំបូងនៃ COVID-19 ក្លាយជាប្រទេសទី៩ នៅទ្វីបអាហ្រ្វិក​ដែលមានអ្នកឆ្លងជំងឺនេះ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់អាជ្ញាធរសុខាភិបាលរបស់តូហ្គោ អ្នកជំងឺម្នាក់នោះជាស្រ្តីវ័យ៤២ឆ្នាំ ដែលមានទីលំ​នៅក្នុងរដ្ឋធានី Lome។​គាត់ធ្លាប់មានប្រវត្តិធ្វើដំណើរ​ទៅប្រទេសអាល្លឺម៉ង់ បារាំង និងទួរគី កាលពីចន្លោះចុងខែកុម្ភៈ និងដើមខែមីនានេះ។ អាជ្ញាធរតូហ្គោបានបញ្ជាក់ថា អ្នកជំងឺខាងលើ កំពុងស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

គួរជម្រាបថា បច្ចុប្បន្ននៅទ្វីបអាហ្រ្វិកមានករណីឆ្លង COVID-19 សរុប៤១នាក់ហើយ ក្នុងនោះមានប្រទេសចំនួន៩ ដូចជាអាល់ហ្សេរី អេហ្ស៊ីប សេនីហ្គាល់ ទុយនេស៊ី ម៉ារ៉ុក អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា កាមេរូន និងតូហ្គោ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print