ក្រុមសកម្មជនបានលើកឡើងថា ក្រុមជនរដ្ឋអិស្លាមម្នាក់បានប្រហារជីវិតម្តាយបង្កើតរបស់ខ្លួន នៅតាមទីសាធារណៈ ដោយសារតែអ្នកម្តាយរូបនោះ ស្នើឲ្យរូបគេ(សមាជិកក្រុមរដ្ឋអិស្លាម)ចាកចេញពីក្រុមរដ្ឋអិស្លាមនោះ ។
ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ដោយដកស្រង់ពីសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបញ្ជាក់ថា ក្រុមរដ្ឋអិស្លាមម្នាក់ ឈ្មោះ Ali Saqr អាយុ២១ឆ្នាំ បានប្រហារជីវិតម្តាយបង្កើតរបស់ខ្លួនឈ្មោះ Lena al Qasem អាយុ៤៥ឆ្នាំ នៅខាងក្រៅប៉ុស្តិ៍សន្តិសុខរបស់ក្រុមរដ្ឋអិស្លាមស្ថិតនៅក្នុងទីក្រុង Raqqa ប្រទេសស៊ីរី ។
ទីក្រុង Raqqa ជាទីក្រុងគ្រប់គ្រងផ្តាច់មុខរបស់ក្រុមរដ្ឋអិស្លាម IS ចាប់តាំងពីក្រុមនេះបានវាយលុកដណ្តើមបានកាលពីខែសីហា ឆ្នាំ២០១៣រៀងរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
ក្រុមរដ្ឋអិស្លាមមិនដែលអត់ធ្មត់ ឬញញើតញញើមនៅក្នុងធ្វើទារុណកម្ម ការដាក់ពិន័យយ៉ាងឃោរឃៅនោះឡើយទៅលើជនរងគ្រោះដែលពួកគេគិតថាបានប្រព្រឹត្តកំហុស ផ្ទុយពីបំណងព្រះរបស់ពួកគេនោះ ។ ជានិច្ចកាល ពួកគេតែងតែធ្វើទារុណកម្មនេះនៅតាមទីសាធារណៈដើម្បីធ្វើឲ្យអ្នកផ្សេងទៀតរាងចាល កុំយកតម្រាបតាម ។
ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស(SOHR) និងក្រុមសកម្មជនអ្នកដែលត្រូវបានសម្លាប់ដោយមិនអាចរើបម្រាសបាន(RIBSS) ប្រចាំនៅទីក្រុង Raqqa នោះបានផ្សព្វផ្សាយឲ្យដឹងអំពីហេតុការណ៍ខាងលើនេះ ។ ទោះបីយ៉ាងណាក៏ដោយ ក្រុម RIBSS បានផ្សព្វផ្សាយថា ស្ត្រីម្នាក់នោះត្រូវបានសម្លាប់ដោយសារតែអំពើបោះបង់ចោលសាសនា ឬបោះបង់ចោលបក្ខពួក ។
ស្ត្រី Lena al Qasem ត្រូវបានប្រភពព័ត៌មានលើកមកចុះផ្សាយថា អ្នកស្រីបានប្រាប់ទៅកូនប្រុសរបស់អ្នកស្រីថា កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកដែលធ្វើសកម្មភាពវាយប្រហារពីលើដែនអាកាសនោះអាចនឹងបោសសម្អាតក្រុម រដ្ឋអិស្លាម ហើយដោយមូលហេតុនោះហើយ ទើបអ្នកស្រីបានព្យាយាមបញ្ចុះបញ្ចូលកូនប្រុសរបស់អ្នកស្រីដែលស្ថិតនៅជាមួយក្រុមរដ្ឋអិស្លាមផងដែរនោះឲ្យរត់ចេញពីទីក្រុងRaqqa ជាមួយអ្នកស្រី ។
បន្ទាប់មកទៀត កូនប្រុសនោះបានប្រាប់ព័ត៌មាននេះទៅថ្នាក់លើរបស់គេ គឺក្រុមរដ្ឋអិស្លាមនោះ ហើយមេដឹកនាំក្រុមរដ្ឋអិស្លាមបានបញ្ជាឲ្យមានការសម្លាប់ស្ត្រីជាម្តាយនោះតែម្តង ។
ប៉ុន្តែទោះបីយ៉ាងដូច្នេះក៏ដោយ សកម្មជនម្នាក់ដែលស្ថិតនៅក្នុងទីក្រុង Tabaqa ទីដែលឪពុករបស់សមាជិកក្រុមរដ្ឋអិស្លាមដែលសម្លាប់ម្តាយរស់នៅនោះបាននិយាយថា អ្នកស្រី Qasem បានបាត់ខ្លួននៅមុនពេលមានការចោទប្រកាន់ពីបទធ្វើចារកម្មទៅលើរបបរដ្ឋអិស្លាមនោះកើតឡើង និងថា មិនមានព័ត៌មានបញ្ជាក់ច្បាស់លាស់ទាក់ទងការប្រហារជីវិតទៅលើស្ត្រីរូបនោះឡើយ ។
សមាជិកក្រុមរដ្ឋអិស្លាម Ali Saqr ត្រូវគេរាយការណ៍ថាបានបាញ់សម្លាប់ម្តាយបង្កើតរបស់ខ្លួន ស្ថិតនៅខាងក្រៅប៉ុស្តិ៍សន្តិសុខ ទីកន្លែងដែលម្តាយរបស់គេកំពុងធ្វើការ និងស្ថិតនៅពីមុខមហាជនរាប់រយនាក់ ។
IS គឺជាក្រុមជីហាដនិយម ដែលប្រកាសប្តេជ្ញាអនុវត្តតាមព្រះគម្ពីរ Sunni Islam ។ ក្រុមនេះបានដណ្តើមគ្រប់គ្រងទឹកដីយ៉ាងធំទូលាយរបស់ស៊ីរី និងអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៤ ។
ក្រុមអ្នកសង្កេតការណ៍ SOHR បានបញ្ជាក់ថា ចាប់តាំងពីពេលនោះរៀងរហូតមកដ ក្រុមរដ្ឋអិស្លាម IS នេះបានសម្លាប់មនុស្សប្រមាណជាង២ពាន់នាក់ក្រោមការចោទប្រកាន់ផ្សេងៗ ក្នុងនោះមានទាំងចោទប្រកាន់ពីបទស្រឡាញ់ភេទដូចគ្នាផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត