ភ្នំពេញ៖ រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេបន្ទាប់ពីបានផ្អាកដឹកអ្នកដំណើរពីភ្នំពេញទៅខេត្ដព្រះសីហនុអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះឥឡូវនេះបាន ចាប់ដំណើរការឡើងវិញនៅដើមឆ្នាំ ២០១៦នេះ។
លោក RUSSEL TIZON មន្ដ្រីផ្នែក សេវាកម្មអតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេបានបញ្ជាក់នៅក្នុងការសាកល្បង ដំណើរការរថភ្លើងដឹកអ្នកដំណើរកាលពី ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ពីរាជាយ ស្ម័យយានភ្នំពេញទៅដល់ស្ថានីយរថភ្លើងអូដឹមចម្ងាយ១២គីឡូម៉ែត្រថាក្រុមហ៊ុន រ៉ូយ៉ាល់រេលវេបានសាកល្បងដឹកភ្ញៀវទេស ចរតាមរថភ្លើងចំនួន៣ទូអាចផ្ទុកមនុស្ស ចំនួន១៥០នាក់ ហើយទូរថភ្លើងទាំង៣ទូ នោះមានទូរថភ្លើងសម្រាប់ប្រភេទ VIP និង២ទូទៀតសម្រាប់ភ្ញៀវទេសចរធម្មតា។ លោកបានបន្ដថាការចេញដំណើរពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុនិងពីខេត្ដព្រះសីហនុ មកកាន់ភ្នំពេញប្រើរយៈពេល៨ម៉ោងផ្លូវ ដែកមានចម្ងាយ២៦០គីឡូម៉ែត្រហើយ បើកក្នុងល្បឿន៣៥គីឡូម៉ែត្រក្នុង១ម៉ោង។
លោកបានបញ្ជាក់ទៀតថា ការបើក ដំណើរការឡើងវិញនេះគឺផ្ដោតសំខាន់លើ ភ្ញៀវទេសចរដើម្បីភ្ញៀវទេសចរមើលឃើញ ទេសភាពធម្មជាតិស្រស់ស្អាតតាមបណ្ដាខេត្ដនានាពីភ្នំពេញទៅដល់ខេត្ដជាប់មាត់សមុទ្រព្រមទាំងការកាត់បន្ថយការកកស្ទះ ចរាចរណ៍តាមផ្លូវជាតិទៀតផង។
លោកបានអះអាងថា ក្បាលរថភ្លើងនិង ទូរថភ្លើងផលិតឡើងក្នុងទសវត្សរ៍៦០នៅ ប្រទេសបារាំងបានយកមកប្រើប្រាស់សម័យ សង្គមរាស្ដ្រនិយមហើយទូរថភ្លើងទាំង៣ សម្រាប់ដឹកភ្ញៀវទេសចរនេះខាងក្នុងតុប តែងយ៉ាងស្អាតនិងបំពាក់ឧបករណ៍ម៉ាស៊ីន ត្រជាក់និងមានអាហារដ្ឋានសម្រាប់ បម្រើភ្ញៀវនៅលើរថភ្លើងទៀតផង។
លោកបានលើកឡើងថា បច្ចុប្បនេះ មានក្រុមហ៊ុនទេសចរណ៍កំពុងមកទំនាក់ ទំនងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេក្នុង ការដឹកភ្ញៀវទេសចរតាមរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ។ ជាមួយគ្នានេះ ពេលដំណើរការបានល្អហើយក្រុមហ៊ុន គ្រោងបើកការដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ ខេត្ដព្រះសីហនុដោយកាត់តាមខេត្ដតា កែវនិងខេត្ដកំពត៕
ដោយ៖ សហការី