ភ្នំពេញ៖ កីឡាករ មាស ច័ន្ទមាន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិមានឱកាសឡើងវាយសងសឹកជាមួយអ្នកប្រដាល់ថៃឈ្មោះភេច ណាំអេក ក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ខណៈ ដែលកីឡាករ ង៉ែត រដ្ឋា សិស្សគុនរបស់ ក្លិបតាព្រហ្មមានជ័យក៏ត្រូវផ្គូផ្គងឱ្យជួប ជាមួយជើងខ្លាំងថៃឈ្មោះ រ៉េ ដា ក្នុង ប្រភេទទម្ងន់៦០គីឡូក្រាមនាវេលា ម៉ោង៨ព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦នៅលើសង្វៀនប្រដាល់ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
ជំនួបប្រកួតលើកទី២រវាងកីឡាករ មាស ច័ន្ទមាន នឹង កីឡាករ ភេច ណាំអេក ធ្វើឡើងដើម្បីឱ្យ មាស ច័ន្ទមាន បាន វាយសងសឹក ភេច ណាំអេកវិញ ក្រោយ ពីរូបគេចាញ់មិនអស់ចិត្ដកាលពីដើម ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ។
ចំពោះអ្នកប្រដាល់ថៃភេច ណាំអេក ធ្លាប់វាយកីឡាករកម្ពុជាឱ្យបរាជ័យដូចជាវាយឈ្នះកីឡាករ ឈឿន ឆៃដែន មក ពីក្លិបនិរោធមានជ័យ ដោយពិន្ទុវាយ ឈ្នះកីឡាករ មាស ច័ន្ទមាន ដោយពិន្ទុ និងវាយស្មើជាមួយ កីឡាករ សុខ សុវណ្ណ មកពីក្លិបកងពលតូចលេខ៣១ ប៉ុន្ដែគេ បានចាញ់ក្រោមថ្វីដៃកីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងទ័ពឆត្រយោងលេខ៩១១ ដោយពិន្ទុផងដែរ ។
មាស ច័ន្ទមាន ធ្លាប់ឡើងសង្វៀនបាន ចំនួន១១៦ដង វាយឈ្នះ៩៣ដង ចាញ់ ២៣ដង មិនធ្លាប់ស្មើ ។ ចំណែកឯកីឡាករ ភេច ណាំអេក មានប្រវត្ដិប្រកួតបាន ចំនួន៧៦ដង ឈ្នះ៦២ដង ចាញ់១៣ដង ស្មើ១ដង ។
ចាំមើលថា តើកីឡាករ មាស ច័ន្ទមាន អាចវាយសងសឹកកីឡាករភេច ណាំអេក បានឬអត់នាព្រឹកថ្ងៃអាទិត្យនេះ ?
សម្រាប់ការប្រកួត របស់កីឡាករ ង៉ែត រដ្ឋានិងអ្នកប្រដាល់ថៃ រ៉េ ដា ក៏មិន ធម្មតាដែរ ពីព្រោះ រ៉េ ដា ធ្លាប់វាយ ឈ្នះកីឡាករ សេក គឹមផៃ ដោយ ពិន្ទុ ម្ដងរួចទៅហើយ ។ ម្យ៉ាងវិញទៀត បើពិនិត្យទៅលើប្រវត្ដិប្រកួតរបស់អ្នក ប្រដាល់ រ៉េ ដា ក៏មានចំនួនច្រើនជាង ង៉ែត រដ្ឋា ដែរ។ ក្នុងនោះ រ៉េ ដា ធ្លាប់ ឡើងសង្វៀនបានចំនួន៩៨ដងឈ្នះ៧៨ ដង ចាញ់១៦ដង ស្មើ៤ដង គេប្រកួតចុង ក្រោយឈ្នះកីឡាករ សេក គឹមផៃ ដោយ ពិន្ទុ។ រីឯកីឡាករ ង៉ែត រដ្ឋា មានប្រវត្ដិ ឡើងសង្វៀនចំនួន៧១ដង ឈ្នះ៦១ដង ចាញ់៨ដង ស្មើ២ដង។ ចាំមើលតើ កីឡាករ ង៉ែត រដ្ឋា អាចឈ្នះរ៉េ ដា ដើម្បី សងសឹកឱ្យកីឡាករ សេក គឹមផៃ បានឬ អត់ ៕
ដោយ៖ សារីម