ភ្នំពេញៈ យោងទៅលើស្មារតីនៃសន្និបាតគណបក្សប្រជាជនលើកទី ៣៩ អាណត្តិទី ៥ នៅថ្ងៃទី ១០ មករា ឆ្នាំ ២០១៥ នេះ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យួរចោលនូវការជាប់ពន្ធលើបន្ទុកក្នុងការផ្ទេរមរតកអចលនទ្រព្យពី ឪពុកម្តាយទៅកូន ពីជីដូនជីតាទៅអោយចៅ និងពីប្តី ទៅអោយប្រពន្ធ ឬពីប្រពន្ឋទៅអោយប្តី។ ការសម្រេចព្យួរច្បាប់នេះគឺដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយចំទិសដៅកុំអោយមានការព្រួយបារម្ភ និងកង្វល់ក្នុងការផ្ទេរអចលនទ្រព្យដែលជាកេរ្តិ៍មរតកពីសមាជិកគ្រួសារម្នាក់ទៅសមាជិកគ្រួសារម្នាក់ទៀត ដោយមិនចាំបាច់បង់ប្រាក់ថ្លៃសេវាឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្តស្តាប់ និងទទួលសំណូមពរពីប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីដោះស្រាយជូនបងប្អូនដើម្បីទទួលបាននូវសេវាសាធារណះសមរម្យ និងផលប្រយោជន៍ច្រើនថែមទៀតពីសង្គមជាតិ៕