ខេត្តកំពង់ធំ៖ ពិតជាអកុសលណាស់ ដែលស្រ្តីម្នាក់ខំធាក់កង់ដើរលក់នំដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងកូនតូចៗឲ្យរស់ស្រួលនឹងគេ តែបែរជាមិនរស់ត្រូវរថយន្តតាមបុកប្រល័យជីវិតទាល់តែបាន។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៥ព្រឹក ថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ខែ មីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧១ គីឡូម៉ែត្រលេខ៥៧-៥៨ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលចារចរស្រុកបារាយណ៍បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ហ៊ុន ថេត ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់នំតាមកង់ រស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានកូនតូ៣នាក់រស់នៅក្នុងបន្ទុក ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៧១ពីកើតទៅលិច ហើយខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបុកស្រ្តីរងគ្រោះដែលជិះកង់លក់នំតាមភូមិក្នុងពេលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្រ្តីរងគ្រោះដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មចោលកូននៅក្នុងបន្ទុក និងធ្វើឲ្យកង់និងនំនៅលើកង់ខ្ទាតខ្ចាយរប៉ាត់រប៉ាយពេញផ្លូវ ។ ចំណែករថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុបាត់ទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះកើតឡើងឡើងដោយអ្នកបើករថយន្តបើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសពស្រ្តីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សហការី