ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរដែលមានផ្ទុកវីរុសCovid-19 នៅខេត្តសៀមរាប កំពុងវិវត្តន៍ទៅកាន់ភាពប្រសើរឡើង ដែលអាចនឹងជាសះស្បើយនាពេលឆាប់ៗខាងមុខនេះ។ អ្នកស្រីថ្លែងប្រាប់បែបនេះ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
ឯ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃេីញអ្នកឆ្លងជំងឺ COVID19-19 ឡេីងដល់ចំនួន៣៥ករណី ដោយ៣៤ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន នៅខេត្តសៀមរាប ។
លោកបន្តថា យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍ឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
ចំណែក លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះបានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។
លោក គៀត ច័ន្ទថារិទ្ធ បន្តថា រហូតមកដល់ពេលនេះសម្រាប់ជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ រួមទាំងពលរដ្ឋខ្មែរនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល ៕ ដោយ ៖ ជាយក្រុង