វិភាគព័ត៌មានអន្តរជាតិ៖ កូវីដ-១៩ គឺជាការសាកល្បង ពីសាមគ្គីភាព របស់អឺរ៉ុប តើរឹងមាំ ឬក៏ពុកផុយ?

ចែករំលែក៖

អឺរ៉ុប៖ នៅពេលនេះអាចនិយាយាបានថា ប្រសិនបើអឺរ៉ុប សាមគ្គីគ្នារឹងមាំនោះ  ប្រទេសតំបន់អឺរ៉ុបនឹងឆ្លងផុត នៅដំណាក់កាលអាក្រក់បំផុត ទាំងសន្តិសុខនយោបាយ សុខភាព និងសេដ្ឋកិច្ច ។
បច្ចុប្បន្នអឺរ៉ុបកំពុងតែចលាចល ហើយប្រទេសនៅក្នុងតំបន់បាននាំគ្នាបិទព្រំដែន ទប់ស្កាត់ការធ្វើដំណើរ ។
បច្ចុប្បន្នសហគមន៍អឺរ៉ុប បានសម្រេច កាត់ផ្តាច់ បិទព្រំដែនទាំងអស់ ទាំង នៅលើដែនអាកាសដែនទឹកនិងដែនគោក  រយៈពេល ៣០ថ្ងៃ ដើម្បីកម្ចាត់កូវីដ-១៩ នៅក្នុងតំបន់ទាំងមូល ។ ពេលថ្មីៗនេះអឺរ៉ុបក៏បានចំណាយប្រាក់ ២៥ពាន់លានដុល្លារ ដើម្បីទប់ទល់និងស្ថានភាព នៃការឆ្លងរាលដាលផងដែរ។
អឺរ៉ុប ដែលទើបតែឆ្លងផុតវិបត្តិ សេដ្ឋកិច្ច អាចធ្លាក់ចូលទៅក្នុងវិបត្តិជាថ្មី ដោយសារតែកូវីដ-១៩ ។ តាមការព្យាករណ៍មេរោគ រាតត្បាត កូវីដ១៩ នឹងធ្វើឲ្យកំណើន សេដ្ឋកិច្ចបារាំងឆ្នាំ២០២០ ស្ថិតក្រោមសូន្យ។  ក្នុងគោលដៅទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូរ៉ូណា ប្រទេសកាន់តែច្រើនបានយកគំរូតាមប្រទេសចិន ដោយ បានសម្រេចបិទទីក្រុង ចាប់ក្រុងមនុស្ស នៅក្នុងផ្ទះ។ នៅអឺរ៉ុបបន្ទាប់ពី អ៊ីតាលី និងអេស្ប៉ាញ រដ្ឋាភិបាលបារាំង បានប្រកាស ចាត់វិធានការ ជាបន្តបន្ទាប់ ដូចជា បិទ សាលារៀន បិទហាងទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ដែលជាកន្លែង ប្រមូលផ្តុំ ជួបជុំ គ្នា និងដែលផ្តល់ ឱកាសច្រើន ដល់ការឆ្លង មេរោគកូរ៉ូណា។ នៅថ្ងៃចន្ទ ប្រធានាធិបតី បារាំង បានសម្រេច ចាត់វិធានការ តឹងរ៉ឹង ចុងក្រោយ គឺក្រុងមនុស្សឲ្យនៅក្នុងផ្ទះ ហាម មិនឲ្យចេញទៅក្រៅ បើសិនគ្មាន កិច្ចការចាំបាច់។ វិធានការបិទភោជនីយដ្ឋាន ការ ផ្អាកសកម្មភាព តាមក្រុមហ៊ុន និងវិធានការ ក្រុងមនុស្សឲ្យនៅផ្ទះ ដើម្បីការពារកុំឲ្យ ប្រជាជន ឆ្លងមេរោគកូរ៉ូណា បានធ្វើ ឲ្យ សកម្មភាព សេដ្ឋកិច្ច របស់បារាំង ស្ថិតក្បែរ ចំណុចសូន្យ។
ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតមេរោគកូរ៉ូណា រដ្ឋាភិបាលបារាំងដំបូងឡើយ បាន ប្រកាសបិទ សាលារៀន បិទភោជនីយដ្ឋាន រោងកុន ហាងលក់ទំនិញ ដែលមិនចាំបាច់ និងបានស្នើឲ្យ ក្រុមហ៊ុនអនុញ្ញាត ឲ្យ បុគ្គលិកធ្វើការ ពីផ្ទះ ដើម្បីជៀសវាងការផ្លាស់ទី និងការជួប ប៉ះពាល់គ្នា ដែលហុច ឱកាសដល់ ការឆ្លងមេរោគ កូរ៉ូណា។ សម្រាប់ ក្រុមហ៊ុនដែលគ្មានការងារ ដែល គេអាចធ្វើពីផ្ទះ ដូចជា ក្រុមហ៊ុន ផលិតរថយន្តជាដើម រដ្ឋាភិបាល បារាំងជំរុញឲ្យ មានការផ្អាកព្យួរកិច្ចសន្យា ការងាររបស់ បុគ្គលិក ជាបណ្តោះអាសន្ន។ រដ្ឋបារាំង ចេញ មុខជាអ្នកធានា រ៉ាប់រងទទួលខុសត្រូវ ទាំងស្រុង លើផលវិបាកសេដ្ឋកិច្ច របស់ ក្រុមហ៊ុន ដែលបណ្តាលមកពីវិធានការ បិទទ្វារ ដើម្បីទប់ស្កាត់ ជំងឺរាតត្បាត កូវីដ ១៩។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាលើកទី ២ ដែលមាន ប្រជាជនតាមដាន មើល ដល់ទៅ ៣៥លាននាក់ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានអះអាង ធានាថា “នឹង គ្មានក្រុមហ៊ុនណាមួយ មិនថា តូច ឬ ធំ ដែលត្រូវ ប្រឈមខាតបបង់ខ្លាំង រហូតដល់បិទទ្វារ ហើយនិងគ្មានប្រជាជន បារាំងណាម្នាក់ ដែលត្រូវបោះបង់ ចោល មិនឲ្យមាន ប្រភពចំណូលនោះទេ។”
នៅក្នុងសុន្ទរកថា របស់ខ្លួន ប្រមុខរដ្ឋបារាំង បានលើកឡើង ពីវិធានការជាច្រើន ដើម្បី ជួយទ្រទ្រង់ហិរញ្ញវត្ថុ ដល់ពលរដ្ឋបារាំង និង ជាពិសេស ក្រុមហ៊ុន ខ្នាតតូច និងមធ្យម ដែលរងគ្រោះប៉ះពាល់ខ្លាំងជាងគេ។ តាម លោកម៉ាក្រុង ក្រុមហ៊ុន ខ្នាតតូច និងមធ្យម មិនចាំបាច់បង់ពន្ធ និងបង់វិភាគទាន សង្គម ឲ្យរដ្ឋទេ។ ចំណែកថ្លៃទឹក ថ្លៃភ្លើង និងថ្លៃជួល ទីតាំងធ្វើជំនួញ លោកម៉ាក្រុង ក៏ចង់ឲ្យផ្អាកដែរ ដើម្បីសម្រាលបន្ទុក និងទំហំខាតបង់របស់អាជីវករ និងសហគ្រិន ដែលជា ម្ចាស់ក្រុមហ៊ុន។
បន្ទាប់ពីប្រសាសន៍ របស់ប្រធានាធិបតី ដល់ វេន រដ្ឋមន្រ្តីសេដ្ឋកិច្ច ដែលចេញមុខ រៀបរាប់ ខ្ទង់ចំណាយ ដែលរដ្ឋបារាំងមាន ផែនការត្រៀម ទុកសម្រាប់ជួយក្រុមហ៊ុន។ តាមរដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire រដ្ឋាភិបាលបានត្រៀម ថវិកា ៤៥ពាន់លាន អឺរ៉ូសម្រាប់ ជួយដោះស្រាយ បញ្ហាហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ដែលគ្មាន សកម្មភាពសេដ្ឋកិច្ច គ្មានប្រាក់ចំណូល ដោយសារ តែវិធានការ បិទទ្វាររបស់ រដ្ឋាភិបាល។
ADVERTISING
ជារួមនៅ ក្នុងចំណោម ៤៥ពាន់ លានអឺរ៉ូ មាន៣២ ពាន់លាន អឺរ៉ូ ជាចំណូលពន្ធ និង វិភាគទានសង្គម ដែលក្រុមហ៊ុនត្រូវ បង់ទៅ ឲ្យរដ្ឋ។ អាចនិយាយបានថា ដោយ លើកលែងមិនឲ្យ ក្រុមហ៊ុនបង់ពន្ធ រដ្ឋបារាំង ត្រូវស្ងួតហោប៉ៅ គ្មានប្រាក់ចំណូលពន្ធ ចំនួន ៣២ពាន់លាន អឺរ៉ូ។ ការទទួល បន្ទុក ចេញប្រាក់ខែឲ្យបុគ្គលិក ដែលត្រូវក្រុមហ៊ុន ផ្អាក ការងារ បណ្តោះអាសន្ន ដោយសារ តែ ត្រូវបិទទ្វារ ឬ ផ្អាកសកម្មភាព នឹងធ្វើឲ្យរដ្ឋ បារាំង ចំណាយថវិកា ជាតិជាង៨ពាន់លាន អឺរ៉ូ។ នេះគេនៅមិនទាន់ និយាយពីកញ្ចប់ថវិកា ២ពាន់លាន អឺរ៉ូ ដែលរដ្ឋត្រូវចំណាយ ទៅលើ ប្រាក់ខែរបស់បុគ្គលិក ដែលត្រូវឈប់សម្រាក ដើម្បីមើលកូន ដោយសារ តែសាលារៀន ត្រូវ បិទទ្វារ។ បន្ថែមពីលើនេះ រដ្ឋនឹង ត្រូវចំណាយផងដែរ ២ពាន់ លានអឺរ៉ូ សម្រាប់មូលនិធិ សាមគ្គី ដែល រដ្ឋាភិបាលគ្រោងបង្កើត ឡើងដើម្បីជួយ សហគ្រិន ឯករាជ្យនិង ក្រុមហ៊ុនតូចតាច ដែលមាន ចំណូលតិចជាង១លាន អឺរ៉ូ ក្នុង មួយឆ្នាំៗ។ តាមក្រសួងសេដ្ឋកិច្ច បារាំង ក្រុមហ៊ុនខ្នាតតូចៗទាំងនោះ នឹងទទួលបាន ប្រាក់សងជម្ងឺចិត្ត ចាប់ពី១៥០០ អឺរ៉ូ ទៅដល់ ៦សែន អឺរ៉ូ គឺទៅតាមទំហំប្រាក់ចំណូល របស់ក្រុមហ៊ុន។
វិធានការជួយទ្រទ្រង់រដ្ឋាភិបាល នៅមិនទាន់ គ្រប់គ្រាន់ដើម្បីទប់ ទំនប់ខាតបង់របស់ ក្រុមហ៊ុន និងអ្នកជំនួញបារាំងនោះទេ។ ដោយសារ តែការរាតត្បាតរបស់កូរ៉ូណាវីរុស ក្រុមហ៊ុនផលិតរថយន្ត របស់ បារាំង ដូចជា Renault បាន បិទរោងចក្រ របស់ខ្លួនជាច្រើនកន្លែង នៅក្នុងប្រទេស បារាំង និង នៅបណ្តាប្រទេសអឺរ៉ុប ។ ចំណែក ក្រុមហ៊ុនហោះហើរ បារាំង Air France វិញបានប្រកាស ផ្អាកសកម្មភាព ដល់ទៅ ៨០ភាគរយ និងផ្អាកការងារ បុគ្គលិករបស់ ខ្លួនដល់ទៅ ពាក់កណ្តាល។
អន្តរាគមន៍ហិរញ្ញវត្ថុ ដើម្បីជួយក្រុមហ៊ុន ក្នុង ស្រុកកុំឲ្យដួលរលំ នេះជាគោលដៅ របស់ រដ្ឋាភិបាលបារាំង។ ប៉ុន្តែនៅពេល ជំនួយ ហិរញ្ញវត្ថុលើកនេះ អាចជួយទប់ ក្រុមហ៊ុន ខ្នាតតូច មធ្យម កុំឲ្យដួលរលំ រដ្ឋបារាំង ពិបាក នឹងទប់ ការខាតបង់ធ្ងន់ធ្ងរ របស់ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន ផលិតរថយន្ត Renault ឬ ក្រុមហ៊ុន Air France៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print