អាមេរិក៖ ព័ត៌មាន CNN បានផ្សាយថា៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃ១៩ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើច្បាប់អនុញ្ញាត ឲ្យបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ ដែលមានទឹកប្រាក់ ១០០០ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបបញ្ហានានា ដែលបង្កឡើងដោយ COVID-19។
ក្នុងចំណោមប្រាក់ ១០០០ ពាន់លានដុល្លារ រដ្ឋាភិបាល និងចំណាយ ៥០០ពាន់លានដុល្លារ ជួយដល់ពលរដ្ឋ ក្នុងម្នាក់ទទួលបាន ១ពាន់ដុល្លារ ហើយចាប់ផ្តើមចែកចាយជាសែក នៅថ្ងៃទី ៦ខែមេសា ។
ជាមួយគ្នានេះក៏បានចំណាយ ៣០០ពាន់លានដុល្លារ ដល់បណ្តាក្រុមហ៊ុនតូចធំរងផលប៉ះពាល់ និង ៥០ពាន់លានដុល្លារជួយដល់វិស័យអាកាសចរណ៍ ។ ក្រៅពីនេះក៏បានរក្សាទុក ១៥០ ពាន់លានដុល្លារដើម្បីសកម្មភាពផ្សេងៗនៅពេលចាំបាច់។ ការសម្រេចជួយដល់ពលរដ្ឋ ម្នាក់១ពាន់ ដុល្លារ ដោយសារតែ ពលរដ្ឋត្រូវបាត់បង់ការងារធ្វើដោយក្រុមហ៊ុនបិទ ប៉ុន្តែពលរដ្ឋ ត្រូវ បង់ថ្លៃផ្ទះ ថ្លៃផ្សេងៗទៀតជាច្រើន … ក្នុងដំណាក់កាលនេះពលរដ្ឋអាចជួបផលលំបាកខ្លាំង។
ក្រៅពីនេះអាមេរិកក៏បានចំណាយ ១០០ពាន់លានដុល្លារសម្រាប់ការធ្វើតេស្ត COVID-19 ដោយឥតគិតថ្លៃ, ការបង្កើនការធានារ៉ាប់រងភាពអត់ការងារធ្វើ, ជំនួយស្បៀងអាហារ, ព្រមទាំងការផ្តល់ប្រាក់ខែ សម្រាប់ការឈប់សម្រាកពីការងារជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតសកល COVID-19។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់ ស្តីពីការឆ្លើយតបនឹងជំងឺកូរ៉ូណាវីរុស។ ច្បាប់នេះនឹងផ្តល់ជំនួយបន្ទាន់បន្ថែមទៀត ដើម្បីជួយប្រទេសជាតិក្នុងការឆ្លើយតប ទៅនឹងការផ្ទុះឡើងនៃវីរុសនេះ» ។
គួរជម្រាបថា លោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើច្បាប់បញ្ចេញកញ្ចប់ថវិកាខាងលើ បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័ត លើសេចក្តីព្រាងច្បាប់នេះ ដែលជាលទ្ធផលនៃការចរចាជាច្រើនថ្ងៃរវាងសេតវិមាន និងសភាតំណាងរាស្ត្រ។ បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៨,៧៣៦ករណីហើយ ក្នុងនោះអ្នកជំងឺ ១៤៩នាក់បានស្លាប់៕
ដោយ៖ មែវ សាធី