ខេត្តព្រះវិហារ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជនសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់ជាអនីតិជន។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យត្រូវបានធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ បន្ទាប់ពីបុរសនេះចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់កាត់កាលពីវេលាម៉ោង០០នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុះភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងទៀតថា៖ ជនរងគ្រោះឈ្មោះ ក.ទ អាយុ១៣ឆ្នាំ មុខរបកសិករ រស់នៅភូមិបង្កើនផល ឃុំរំទម ស្រុករវៀង។ ចំណែកជនសង្ស័យឈ្មោះ ឆុង តុលា អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ បានល្បួងចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចពេលខ្លួនគេឌុបនាងតាមម៉ូតូដើរលេងពេលយប់ ។ ក្រោយមកក្មេងស្រីរងគ្រោះបានទម្លាយរឿងនេះឲ្យម្តាយដឺង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យនេះរួចមក ខ្លួនគេបានសារភាពថា ពិតជាបានរំលោភក្មេងស្រីរងគ្រោះប្រាកដមែនទើបសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ដោយ៖ សហការី