ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ ក្រុមឈ្មួញចាប់ផ្តើមជីក.ដឹកអាចម៍ដីលក់ យ៉ាងអនាធិបតេយ្យក្នុងបឹងមួយកន្លែងនៅក្ណុងឃុំនេះយ៉ាងគឃ្លើន ហើយ ត្រូវបានគេសង្ស័យថាអាចមានការឃុបឃិតគ្នា ពីសំណាក់មន្ត្រី នៃមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ទើបស្ងាត់ឈឹងគ្មានការអើពើត្រួតពិនិត្យបន្តិចសោះ ទោះបីប្រជាពលរដ្ឋរាយការណ៍ឬរិះគន់ក៏ដោយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ សកម្មភាពបំផ្លាញបឹងខាងលើស្ថិតនៅត្រង់ចំណុចបឹងគុណក្ដី ស្ថិតក្នុងភូមិវត្តថ្នល់ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈដែលគ្រឿងចក្រ និងរថយន្តធុនធំៗនៅទីតាំងនោះ ត្រូវបានគេស្គាល់ជារបស់ថៅកែឈ្មោះ ឡង់ឌី ប៉ុន្តែក្រុមអ្នកបើកបរយកអាចម៍ដីលក់អះអាងថា ពួកគាត់អត់ដឹងមានច្បាប់ឬមិនមានច្បាប់អ្វីនោះទេដឹងតែពីដឹក ព្រោះអីស៊ីប្រាក់ខែពីឈ្មោះ ឡង់ឌី នេះឯង។
ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ដីដែលក្រុមឈ្មួញឃុបឃិតគ្នាបំផ្លាញនោះ ជាតំបន់បឹងធម្មជាតិ.ព្រៃលិចទឹក.ជម្រកត្រីពងកូនសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។ ប៉ុន្តែឥឡូវត្រូវក្រុមឃ្មួញឃុបឃិតជាមួយមន្ត្រីជំនាញជីកកកាយយកអាចដីលក់យ៉ាងរំភើយ គ្មានស្ថាប័នជំនាញណាទៅជួយទប់ស្កាត់ឡើយ ។
ពាក់ព័ន្ធករណីក្រុមឈ្មួញជីក.ដឹកអាចម៍ដីលក់ខាងលើ អង្កភាពកាសែតនគរវត្តមិនអាចស្វែងរកសការពន្យល់ពីលោក ឡង់ឌី បានទេដោយគ្មានលេខទូរស័ព្ទ។ ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់យ៉ាងខ្លីថា រឿងនេះគាត់អត់ដឹងអីទេ ៕
ដោយ៖ សហការី