ភ្នំពេញ៖ ពិតជា«ឈាមស្រែក ស្បែកហៅ» នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ សមត្ថកិច្ច ចាប់ខ្លួនជនដល់ដែលបានចាក់សម្លាប់សន្តិសុខម្នាក់ នៅចំណុចធនាគារភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានហើយ ។
ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ដោយពុំទាន់អាចបញ្ជាក់ពីដំណើររឿងលម្អិត បាននៅឡើយទេ ។
សមត្ថកិច្ច អះអាងថា សពមានឈ្មោះ ប៊ុន សុខចំរើន ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរសន្ដិសុខឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រពន្ធនិងកូនៗចំនួន៦នាក់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានអោយដឹងថា ៖ជនរងគ្រោះគឺជាសន្តិសុខឯកជន ដែលមកធ្វើការនៅធនាគារនៅកន្លែងកើតហេតុទើបតែបានជាង១ខែ និង តែងតែឃើញមានមិត្តភក្តិ ឧស្សាហ៍មកលេង និងផឹកស៊ី ដល់យប់ជ្រៅ ។
លុះមកដល់ព្រឹកកើតហេតុ ក៏ស្រាប់តែផ្អើលឆោឡោឡើង នៅខាងមុខធនាគារ និង បានឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ថែមទាំងមានស្នាមកាំបិត ចាក់ចំដើមទ្រូងតែម្តង ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ថាជា ករណីអ្វីនៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តសិន ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យ បានយកសពទៅធ្វើកោសល្យវិច័យនៅវត្តស្ទឹងមានជ័យនិងប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស រស្មី