ភ្នំពេញ៖ មហាជនជាច្រើនបានថ្លែងការរិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង និងកំប្លែងមួយចំនួនព្រោះតែពួកគេបានត្អូញត្អែពីបញ្ហាបាត់ប្រាក់ចំណូលព្រោះជំងឺរាតត្បាត Covid-19។ មានអ្នករិះគន់ជាច្រើនបានប្រដូចទៅនឹងករណីតារាល្បីនៅបរទេសបានព្យាយាមបញ្ចេញទឹកប្រាក់របស់ពួកគេជួយសង្គមខុសពីតារាល្បីនៅកម្ពុជាត្អូញបាត់ប្រាក់ចំណូល។
ការបាត់បង់ប្រាក់ចំណូលរបស់ប្រជាជននៅទូទាំងពិភពលោកបានក្លាយជាចំណុច មួយដែលកំពុងតែមានការព្រួយបារម្ភ ស្របពេលដែលជំងឺ Covid-19 បាននិងកំពុងគំរាមកំហែងទៅលើគ្រប់វិស័យរបស់បណ្តាប្រទេសជាច្រើននៅលើសាកលលោកផងដែរ។ នៅកម្ពុជាមានពលរដ្ឋជាច្រើនបានបង្ហាញក្តីបារម្ភព្រោះតែបញ្ហាជីវភាពកាន់តែប្រឈមពិសេសសម្រាប់អ្នកចូលទាប និងមធ្យម ខណៈក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន ដែលពួកគេធ្វើការត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ រដ្ឋាភិបាលបានសម្រេចបិទបណ្តោះអាសន្នផងដែរនូវទីកន្លែងជួបប្រមូលផ្តុំគ្នាច្រើន ក្នុងនោះមានទាំងខារ៉ាអូខេ និងព្រឹត្តិការណ៍ប្រគំតន្ត្រីនានាដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19។ បិទការប្រគំតន្ត្រីបានធ្វើឲ្យមានការត្អូញត្អែពីសំណាក់តារាចម្រៀង តារាកំប្លែងប្រុសស្រីល្បីឈ្មោះមួយចំនួន ថាពួកគេបានបាត់បង់ប្រាក់ចំណូល។ មានទស្សនិកជនជាច្រើនបានថ្លែងសាររិះគន់ទលើសិល្បករល្បីឈ្មោះទាំងនោះថា មិនគួរត្អូញត្អែ នឹងការបាត់ចំណូលពីការផ្អាកការប្រគំតន្ត្រីនោះទេ គួរតែជាការជួយលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ។ មានការលើកឡើងដែរថា សិល្បករល្បីៗដែលបានត្អូញត្អែមិនមានច្រើននោះទេ ដូចជានាយពែកមី និងនាយចឺមជាដើម ហើយពួកគេទទួលបានប្រាក់ចំណូលរាប់ពាន់ដុល្លារក្នុងការឡើងឆាកមួយពេលៗគឺស្ទើតែស្មើនឹងចំណូល១ឆ្នាំនៃអ្នកធ្វើការផ្នែកបម្រើសេវាកម្មនៅហាងមួយចំនួន។ ក្រៅតែពីមានការប្រដូចទៅនឹងតារានៅក្រៅស្រុក ក៏មានការលើកឡើងថាគួរបង្កើតស្នាដៃសិល្បៈរបស់ខ្លួនថ្មីបន្ថែមដើម្បីអប់រំទៅដល់ប្រជានជដើម្បីឲ្យពួកគាត់យល់ដឹងបន្ថែម។ អ្នករិះគន់ខ្លះលើកឡើងថា ការបញ្ចេញសារត្អូញត្អែរបស់សិល្បករប៉ុន្មាននាក់នោះក៏អាចនាំឲ្យមានការវាយតម្លៃ និងរិះគន់សិល្បករខ្មែរពេញមួយប្រទេស។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកស្រីចន ច័ន្ទលក្ខិណា ប្រធានសាមាគមសិល្បករខ្មែរបាននៅឡើយទេ។
គួរបញ្ជាក់ដែរថា សាររិះគន់លើសិល្បកររឿងបាត់ប្រាក់ចំណូលព្រោះជំងឺ Covid-19 បានធ្វើឡើងក្រោយពីតារាកំប្លែងល្បីឈ្មោះនាយពែកមី បញ្ចេញសារខ្លីលើហ្វេសប៊ុករបស់ខ្លួនថា” កម្មវិធីខនសឺតត្រូវបានលប់ចោលអស់ហើយ តោះយើងទៅស្រុកជីកក្តាម”។ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែមីនា នេះ កម្ពុជា មានករណីឆ្លងវីរុសCOVID-19 ចំនួន៤៧នាក់ហើយ ក្នុងនោះខ្មែរ២៨នាក់ ម៉ាឡេស៊ី១១នាក់ អង់គ្លេស៣នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ បារាំង២នាក់(ទារក១នាក់) និងចិន១នាក់ (ជាសះស្បើយ)៕
ដោយ ៖ វឌ្ឍនា