រថយន្ដដឹកអាកុលបុកបង្គោលភ្លើង ឆ្លងចរន្តឆេះខ្លោចតៃកុងឡាន ស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពិតជាគួរអោយអាណោចអាធម័មែន តៃកុងឡានងងុយដេក បើករ៉េចង្កូតទៅបុកបង្គោលភ្លើង ឆ្លងចរន្តអគ្គីសនី ក្នុងឡាន បង្ករឲ្យឆេះឡានរួមទាំងអាកុលក្នុងឡានពេញ បណ្តាលឲ្យភ្លើងឆេះតៃកុងឡាន ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២៣ និង៤៥ នាទីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ត្រង់គីឡូម៉ែត្រលេខ១០៧-១០៨ ស្ថិតក្នុងភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានរថយន្តម៉ាកស៊ីណា មួយគ្រឿង កំពុងតែបើកបរ នៅលើកំណាត់ផ្លូវជាតិលេខ៦ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែ រថយន្តរ៉េចង្កូតពេញ ផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង បានបើកបុករះបង្គោលភ្លើង បណ្តាលអោយឆេះរថយន្ត ដែលមានអាកុលនៅក្នុងឡានផងដែរ បណ្តាលឲ្យឆេះសន្ធោសន្ធៅ ជាមួយនឹងតៃកុងឡានបានស្លាប់នៅក្នុងរថយន្តតែម្តង។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានបង្ករឡើងដោយ ខ្លួនឯង ហើយរថយន្តនេះ បានផ្ទុកអាល់កុល សង្ស័យសម្រាប់ដឹកយកទៅដាក់ឲ្យម៉ូយ  ដែលមានរថយន្តម៉ាកស៊ីណាពណ៌(ស) ស្លាកលេខភ្នំពេញ2BA.4837  ក្រោយពេលស្លាប់ សមត្ថកិច្ច និងអ្នកបានឃើញហេតុការណ៍ ពុំទាន់មានអ្នកណាម្នាក់ ហ៊ានអះអាងថា ស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះដែលជាតែកុងឡាន នោះឡើយ។
រហូតមកដល់ពេលនេះ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកតាំងគោគ បានកំពុងស្រាវជ្រាវ និងអំពាវនាវ រកសាច់ញាតិក្រុមគ្រួសារជនរងគ្រោះ ដើម្បីទទួលយកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី  តែបច្ចុប្បន្ន សាកសព ត្រូវបានយកមកតម្កល់ទុកនៅក្នុងវត្តដា ស្ថិតក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។ចំណែករថយន្តមួយគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក  ។ សមត្ថកិច្ចបាន បញ្ជាក់ថា មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងងុយ និងមានល្បឿនលឿន៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print