កុំផ្តោតតែបញ្ជូនអ្នកជំងឺផ្តាសាយធម្មតា ទៅមន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតដោយសង្ស័យថាមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១២រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាល បានអំពាវនាវដល់មន្ត្រីសុខាភិបាល ដែលធ្វើការនៅតាមមណ្ឌលសុខភាពមូលដ្ឋាន ​បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា ចៀសវាងគិតតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី ដោយគិតតែសង្ស័យ COVID-19។
លោក លី សុវណ្ណ បានចេញុមកអំពាវនាវបែបនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងច្រើន ពីប្រជាពលរដ្ឋតាមរយៈលេខ ១១៥ ថា មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន តែងតែបញ្ជូនអ្នក មានរោគសញ្ញា កើតជំងឺផ្តាសាយ និងក្តៅខ្លួនធម្មតាឲ្យទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយសារមន្ត្រីមូលដ្ឋានយល់ថា ពួកគាត់សុទ្ធតែសង្ស័យមានការឆ្លង មេរោគ COVID-19។
បើតាមអ្នកនាំពាក្យ មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់រកឃើញថា ករណីឆ្លងនៅមូលដ្ឋានទេ ពោលករណីឆ្លងទាំងអស់នៅកម្ពុជា កើតឡើងពីប្រជាពលរដ្ឋទើបមកពីក្រៅប្រទេសប៉ុណ្ណោះ។ សម្រាប់ករណីឆ្លងនៅមូលដ្ឋានខេត្តសៀមរាបវិញ គឺអ្នកជំងឺរូបនោះបានប៉ះពាល់ផ្ទាល់ជាមួយនឹងជនជាតិជប៉ុន។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានឲ្យដឹងបន្ថែមថា រាល់អ្នកដែលមានរោគសញ្ញាផ្តាសាយ ក្តៅខ្លួន ក្អក ឬហៀរសំបោរ សូមកុំសង្ស័យថា ពួកគាត់ពាក់ព័ន្ធនឹងការឆ្លងមេរោគ COVID-19 ឲ្យសោះ បើសិនជាពួកគាត់គ្មានប្រវត្តិធ្វើដំណើរទៅ ក្រៅប្រទេស ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងមេរោគ COVID-19 ឬធ្លាប់បានប៉ះពាល់ជាមួយសាកសព ដែលស្លាប់ដោយសារជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ដែលពុំបានធ្វើរោគវិនិច្ឆ័យ។
លោកប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគ្មានហេតុផលណាថា រាល់អ្នកដែលមានរោគសញ្ញាផ្តាសាយ គាត់ក្តៅខ្លួន ក្អក ហៀរសំបោរ បែរជាសង្ស័យមានជំងឺ COVID-19 អីទេ សូមបន្តព្យាបាលជំងឺធម្មតា។ ប៉ុន្តែបើគាត់ចេញរោគសញ្ញានេះ ហើយគាត់ធ្លាប់មានប្រវត្តិ ទើបតែមកពីស្រុកក្រៅ ក្នុងអំឡុងពេល ១៤ថ្ងៃ យើងអាចចាត់ទុកថាគាត់សង្ស័យមាន COVID-19 មែនឬគាត់ប៉ះពាល់អ្នកដែលស្លាប់ជំងឺផ្លូវដង្ហើម ដែលមិនបានធ្វើរោគវិនិច្ឆ័យ ទើបយើងចាត់ទុកថាសង្ស័យ» ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print