មនុស្ស៣៦នាក់ ដែលទាក់ទងជាមួយអ្នកឆ្លង COVID-19 ៣នាក់ នៅសង្កាត់ច្រាំងចំរេះ ត្រូវបានឲ្យនៅដាច់ពីគេ ១៤ថ្ងៃ ក្រោយលទ្ធផលតេស្តអវិជ្ជមានទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព៏ត៌មានថា៖ ប្រជាជនខ្មែរចំនួន ៣៦នាក់ ដែលមានទំនាក់ ទំនងជាមួយអ្នកឆ្លង COVID-19 ចំនួន ៣នាក់ នៅក្នុងសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាល ណែនាំឲ្យនៅដាច់ដោយឡែកពីគេ រហូតដល់រយៈពេល ១៤ថ្ងៃ ព្រមទាំងបានយកសំណាករបស់ពួកគេទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ប៉ុន្តែលទ្ធផលអវិជ្ជមានទាំងអស់។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏ធ្វើការណែនាំឲ្យរស់នៅដោយឡែក និងកុំឲ្យមានទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ក្នុងរយៈពេល ១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបងប្អូនខ្មែរចំនួន ៣នាក់ (២នាក់ ក្នុងចំណោមអ្នកទាំង ៧៩នាក់ មកពីម៉ាឡេស៊ី) ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 កាលពីប៉ុន្មានថ្ងៃមុននេះ។

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀយថា «ក្រោយការស្រាវជ្រាវ និងសួរនាំរួចមក ក្រុមគ្រូពេទ្យចាត្តាឡីស័ក បានចុះពិនិត្យ និងយកសំណាករកមេរោគ Covid-19 លើជនជាតិខ្មែរចំនួន ៣៦នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងមេរោគមួយនេះ ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប៉ុន្តែលទ្ធផលបានបង្ហាញជាបន្តបន្ទាប់ថា គ្មានមេរោគនេះទេ»។
លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនថា នៅពេលរកឃើញលើបុរស ២នាក់ ដែលឆ្លង COVID-19 នៅសង្កាត់ច្រាំងចំរេះទី១ ភ្លាមៗនោះអាជ្ញាធរ និងមន្រ្តីចាត្តាឡីស័ក បានទៅយកសំណាក មនុស្សចំនួន ៣០នាក់ ទៅធ្វើតេស្តរកមេរោគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប៉ុន្តែលទ្ធផលអវិជ្ជមាន។ បន្ទាប់មក ក្រោយរកឃើញមានមេរោគនេះ កើតលើបុរសម្នាក់ទៀតនៅសង្កាត់ច្រាំងចំរេះទី២ ភ្លាមៗនោះ អាជ្ញាធរ និងមន្រ្តីចាត្តាឡីស័ក ទៅយកសំណាកពីមនុស្សចំនួន៦នាក់ ដែលជាម្តាយក្មេក ប្រពន្ធ និងកូនៗ ដើម្បីយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលក៏បានបង្ហាញថា អវិជ្ជមានទាំងអស់។ សម្រាប់បងប្អូនខ្មែរទាំង ៣៦នាក់ ត្រូវបានណែនាំឲ្យពួកគេរស់នៅដាច់ឡែក និងចៀសវាងមានការប៉ះពាល់ដល់អ្នកដទៃផ្សេងទៀត ដោយរង់ចាំរហូត ១៤ថ្ងៃ។
ករណីនេះត្រូវបានធ្វើដូចនៅខេត្តព្រះសីហនុ ដាក់នៅដោយឡែក ធ្វើតេស្តជាដើម ដើម្បីការពារ បង្ការ ទប់ស្កាត់ការរាលដាល៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print