ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា៖ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ដោយពួកគេអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ពោលរយៈពេល ១៤ថ្ងៃ ប្រទេសថៃ នឹងសម្រេចបិទជាបណ្ដោះអាសន្ន នៅច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ រួមមាន៖
*ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង
*ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង
*ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។
ជាមួយគ្នានេះ អាជ្ញាធរថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយកម្ពុជា ក៏បានចេញវិធានការបិទជាបណ្ដោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ តាមព្រំដែនរួមមាន៖
*ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ត្រូវបានបិទនៅថ្ងៃទី១៨ ខែមីនា
*ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី១៩ ខែមីនា
*ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា
*ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា
*ទី៥៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ត្រូវបានបិទនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ផងដែរថា៖ នៅប្រទេសថៃ ក្នុង១ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ១៨៨នាក់ ជាការកើនឡើងគួរអោយព្រួយបារម្ភ៕
ដោយ៖ សហការី