ទំនាស់គ្នាក្នុងវង់ផឹកស៊ីឈានទៅដល់ប្រើហិង្សាដេញវាយប្រហារស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ បុរសពីរនាក់ចូលផឹកស៊ីក្នុងហាងមួយកន្លែងមានទំនាស់ជាមួយជនដៃដល់១ក្រុមទៀតចេញមកវិញត្រូវបានក្រុមជនដៃដល់ជិះម៉ូតូជាច្រើនគ្រឿងដេញវាយនិងដុំថ្មបណ្តាលឲ្យស្លាប់ម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ៤០ នាទីភ្លឺឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០នៅចំណុចមុខសាលាមតិយ្យវត្តកោះ តាមបណ្ដោយផ្លូវ ៦៣ កែងនឹងផ្លូវ១៧៤ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះតាំង ម៉េងហួត ភេទប្រុសអាយុជាង ២០ឆ្នាំមុខរបរធ្វើការនៅហាងអ៊ិនធឺណេតមួយកន្លែង ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ(អ្នកអង្គុយនៅខាងក្រោយ)។ចំណែកម្នាក់ទៀតមានឈ្មោះសំណាង ភេទប្រុសអាយុ 18 ឆ្នាំគ្មានមុខរបរ (អ្នកបើកម៉ូតូ)។
តាមប្រភពពីជនរងគ្រោះឈ្មោះសំណាងបានឲ្យដឹងថាមុនកើតហេតុគេទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-8720បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងម្តុំផ្សារសូរិយាម៉លលុះនាំគ្នាផឹកស៊ីបានបន្តិចរូបគាត់បានមកអង្គុយនៅខាងក្រៅ វិញដោយឈ្មោះតាំងម៉េងហួត នៅអង្គុយផឹកស៊ីម្នាក់ឯង។ប្រភពដដែរបានបន្តទៀតថាលុះបានបន្តិចក្រោយមកស្រាប់តែឈ្មោះ តាំងម៉េងហួត បានទាស់ពាក្យសម្តីជាមួយជនដៃដល់មួយក្រុមទៀតដែលនៅក្នុងហាងផឹកស៊ីជាមួយគ្នា ដោយរូបគាត់ក៏មិនដឹងមានរឿងអ្វីនោះទេឮដូច្នោះរូបគាត់បានប្រញាប់ប្រញារហៅ តាំង ម៉េងហួត ឲ្យប្រញាប់ចេញត្រឡប់ទៅផ្ទះវិញរួចក៍នាំគ្នាម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ ៦៣ទិសដៅពីជើងទៅត្បូងបំណងត្រឡប់ទៅផ្ទះវិញលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនដៃដល់មួយក្រុមជិះម៉ូតូ៣ គ្រឿងមិនចាំម៉ាកបានមកពីក្រោយក្នុងនោះមានម៉ូតូមួយគ្រឿងជិះគ្នាបីនាក់បានមកគៀរម៉ូតូរូបគាត់ឲ្យដួលរួចបក្ខពួកជនដៃដល់បាននាំគ្នាយកដុំថ្មមកវាយទៅលើឈ្មោះតាំងម៉េងហួតចំសៀបផ្កានឹងផ្ទៃមុខចំនួនបីដុំថ្មបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែករូបគាត់បម្រុងចូលទៅជួយដែរតែត្រូវជនដៃដល់គំរាមថាបើឯងចូលមកជួយអញនិងសម្លាញ់ឯងទៀតធ្វើឲ្យរូបគាត់ភយ័ស្លន់ស្លោរត់ចេញពីកន្លែងកើតហេតុយករួចខ្លួនសិន។ក្រោយមកជនដៃដល់បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានយកម៉ូតូរងគ្រោះនិងឈ្មោះសំណាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដើម្បីសាកសួរបន្ត។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសល្យវិច្ច័យរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនដៃដល់សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print