សម្ដេចតេជោ ហ៊ុន សែន ពិចារណាទូលថ្វាយសូមព្រះរាជានុញ្ញាតព្រះមហាក្សត្រ ដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន សិក្សាតាមមាត្រា២២ នៃរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព។ មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។ សម្តេចតេជោបញ្ជាក់ថា សម្តេចកំពុងឲ្យមានការសិក្សាអំពីវិសាលភាព នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ។
សម្តេចក៏បានលើកឡើងចំពោះអ្នកលក់ម៉ាស់ថ្លៃខុសធម្មតា ឈានដល់ចាប់យកទាំងអស់ ហើយបើមិនព្រមអនុវត្តតាមការណែនាំនោះទៀតសោត គឺបិទឱសថឋាននោះ លែងអោយធ្វើអាជីវកម្ម មួយជីវិត៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print