ប្រទេសថៃ៖ ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសថៃកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កក្តីបាម្ភយ៉ាងខ្លាំង។ រដ្ឋាភិបាលថៃ នឹងប្រកាសអាសន្ន នៅថ្ងៃទី២៦ខែមីនា ដើម្បីរិតត្បិតពលរដ្ឋធ្វើដំណើរ។
ជាមួយគ្នានេះមន្ទីរពេទ្យ នៅក្នុងប្រទេសថៃបានសម្រេច ប្រើប្រាស់មនុស្សយន្ត ជាជំនួយការដល់ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺ។ សកម្មភាពរបស់ថៃកើតឡើងក្រោយពេល មានប្រទេសជាច្រើនបានប្រើប្រាស់មនុស្សយន្ត «រ៉ូបូត»ដើម្បីជួយដល់ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដល់ក្រុមគ្រូពេទ្យផងដែរ។
នៅពេលនេះថៃបានប្រើប្រាស់ រ៉ូបូតនិញចា «Robot Ninja»ជួយព្យាបាលអ្នកជំងឺកូវីដ-១៩។ មនុស្សយន្តអាចវាស់កម្តៅរបស់អ្នកជំងឺដោយមិនចាំបាច់ គ្រូពេទ្យ។ មិនតែប៉ុណ្ណោះ មនុស្សយន្តនោះមានទាំងអេក្រង់រូបភាព អាចឲ្យគ្រូពេទ្យសន្ទនាជាមួយអ្នកជំងឺ សួរពីអាការៈផ្សេងៗ។
ពេលដំបូង មនុស្សយន្តត្រូវបានប្រើប្រាស់ ដើម្បីមើលថែអ្នកជំងឺ ខ្លាចមានបញ្ហាប្រែប្រួល។ ប៉ុន្តែក្រោយ ក្រុមនិស្សិតមកពីមហាវិទ្យាល័យ ចូឡាឡុងកន នៅទីក្រុងបាងកក់បានសម្រេចប្តូរ មនុស្សយន្ត ដើម្បីបម្រើ និងព្យាបាលអ្នកជំងឺ កូវីដ-១៩។
បច្ចុប្បន្ន មានមន្ទីរពេទ្យដល់ទៅ៤កន្លែងនៅទូទាំង ប្រទេសថៃ បានប្រើប្រាស់ មនុស្សយន្តនេះ ហើយនៅពេលខាងមុខ នឹងមានមន្ទីរពេទ្យ១០ទៀតនឹងប្រើប្រាស់មនុស្សយន្តដ៏ទំនើបនេះ។
គិតត្រឹមថ្ងៃទី២៥ខែមីនានេះ ថៃមានអ្នកឆ្លងកូវីដ-១៩ សរុបកើនឡើងដល់៩៥០នាក់ ឈរលំដាប់ទីពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសម៉ាឡេស៊ី ។ ក្រសួងសុខាភិបាលថៃ បានប្រកាសថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៥ខែមីនា មានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន១០៧នាក់បន្ថែមទៀត៕