ភ្នំពេញ៖ បុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “Iman-KH” បានចេញមុខដៀលប្រជាពលរដ្ឋខ្មែរកប់ៗមាត់ តាមទំនើងចិត្តខ្លួនឯង មិនដឹងគាត់ជាថៅកែក្រុមហ៊ុន ឬអ្នកវិនិយោគមកពីក្រហែងមេឃណាទេ បែជា
ថា ប្រជាពលរដ្ឋ“ចោលម្សៀតគ្មានបានការនិងជាប្រជាជនដែលថោកទាប” ដែលបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អន្តរាគមន៍រឿងជំពាក់លុយធនាគារ ស្របពេលផ្ទុះជំងឺកូវីដ១៩ នៅកម្ពុជា ដោយប្រជាពលរដ្ឋខ្លះអាចគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។
បុរសរូបនេះអះអាងថា ខ្លួនមានភាគហ៊ុនក្នុងមីក្រូហិរញ្ញវត្ថុមួយផងនោះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ថា “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រី គឺ ជាមនុស្សចោលម្សៀតគ្មានបានការ ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធ មិនមែនស្ថាប័នរដ្ឋឡើយ ។ តួនាទី នាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ ។ អ្វីដែលយើងស្នើសុំទៅសម្តេច គឺ យើងជាប្រជាជនដែលថោបទាប”។
ក្រោយការសរសេរខ្លឹមសារទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ទើបក្រោយមកបុរសរូបនេះ បានលុបចោលសំណេរនេះវិញ និង បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈ ។ ប៉ុន្តែបើមើលអាខោនបុរសនេះ ជាអ្នកលក់ផ្លែក្រូច មាន់ សាច់ក្រក អំពិល តាម Online តែចរិកមួយការ៉ុង ចុងក្រោយប្រជាពលរដ្ឋ អ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គម ជេរតមកប់មាត់ៗ។
ដៀលហើយសុំទោស ដៀលហើយសុំទោស តើច្បាប់គួរចាត់ការបែបណាចំពោះបុរសរូបនេះ ? នេះជាចម្ងល់របស់មហាជន ។ អ្នកខ្លះថាជននេះអាចជាមនុស្សរោគចិត្ត អំនួតអត់ស្គាល់ខ្លួនឯងច្បាស់ គួរតែសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ សុខ ខេមរា