អ្នកចាត់ការក្រុមមេឃខៀវ Manchester City លោក Pep Guardiola និងខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi របស់ក្រុម Barcelona បានបរិច្ចាគទឹកប្រាក់ម្នាក់ចំនួន១លានអឺរ៉ូ (១,០៨ លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណាដែលកំពុងរីករាលដាលនៅទូទាំងប្រទេសអេស្ប៉ាញ និងជុំវិញពិភពលោក ។
ការបរិច្ចាគរបស់កីឡាករអន្តរជាតិអាហ្សង់ទីន Messi នឹងត្រូវបែងចែក រវាងមន្ទីរពេទ្យ នៅទីក្រុងបាសេឡូណា និងមជ្ឈមណ្ឌល វេជ្ជសាស្ត្រមួយផ្សេងទៀត នៅក្នុងប្រទេសកំណើត របស់លោក។ គ្លីនិកនៅមន្ទីរពេទ្យ បានសរសេរ នៅលើបណ្តាញសង្គម Twitter ថា Lionel Messi បាន បរិច្ចាគថវិកាទៅគ្លីនិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ។
ចំណែកអតីតកីឡាករបាល់ទាត់ និងអ្នកចាត់ការក្លិប Barcelona លោក Guardiola ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិបមេឃខៀ Manchester City បានចូលរួមវិភាគទាន ក្នុងយុទ្ធនាការ ដែលបង្កើតដោយមូលនិធិ Angel Soler Daniel និងមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃទីក្រុងបាសេឡូណា។
លោក Pep Guardiola បានបរិច្ចាគទឹកប្រាក់ ចំនួន១លានអឺរ៉ូដូច Messi ដែរដល់មូលនិធិ Angel Soler Daniel សម្រាប់ការទិញ និងផ្គត់ផ្គង់ឧបករណ៍សុខភាពដើម្បីជាសម្ភារជួយដល់រដ្ឋាភិបាលអេស្ប៉ាញ ៕
ដោយ៖ ភិរក្ស