ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាកាច់.កម៉ូតូត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំនុចភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ មានឈ្មោះ ញ៉ឹម សារីវិជ្ជា ភេទប្រុស អាយុ ២៥ មុខរបរ បុគ្គលិកនៅភោជ្ជនីដ្ឋាន បឹងសុបន្តិ ស្នាក់នៅផ្ទះជួល ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាជនដៃដល់)ទី២ ឈ្មោះ គង់ សុទ្ធី (តាក់) ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទី៣ ឈ្មោះ ចាន់ ណាង (នឿន) ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកម្មករ សង្កាត់ ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ធ្លាប់ជាប់គុកចំនួន២ឆ្នាំ) និងទី៤ ឈ្មោះ កុល សុភា (បារាំង) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ភួង សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធខណ្ឌព្រែកព្នៅបានអោយដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពី ជនរងគ្រោះឈ្មោះ ទៀវ ប៊ុនថៃ ពីការបាត់ម៉ូតូមួយគ្រឿងកាលពីរំលងអាធ្រាត្រថ្ងៃទី ៩ខែមករាឆ្នាំ២០១៦ លោកបានដឹកនាំកម្លាំងផ្ទាល់ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់។ លោកបន្តទៀតថា ជនសង្ស័យលើកទី១ កាលពីថ្ងៃទី ៦ ខែមករាឆ្នាំ២០១៦លួចកាច់.កម៉ូតូ ស្គូបពី និងការពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ កាច់.កម៉ូតូហុនដាឌ្រីម។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូឌ្រីម សង់សេ១២៥ មួយគ្រឿង ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-2554 ម៉ូតូនៅសល់តែតួរ ត្រូវជនសង្ស័យយកទៅស៊ីគ្រឿងអស់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានលួចកាច់ក ម៉ូតូ និងអោយបក្ខពួកទៅបញ្ចាំពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ភួង សុភី សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ មេត្តាជួយសហការណ៍ និងផ្តល់ជាព័ត៌មានដើម្បីអោយការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាពថែមទៀត៕
...
ដោយ៖ ចាន់ធឿន