កម្លាំងនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរតនគិរី ចុះអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកថ្មី

ចែករំលែក៖

ខេត្តរតនគីរី៖ អនុឡោមតាមច្បាប់ចរាចរណ៏ផ្លូវគោកថ្មី ដែលដាក់ឲ្យអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០១៦ កន្លងមក កម្លាំងនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះអនុវត្តនូវការណែនាំ និងផាកពិន័យចំពោះទោច ចក្រក្រយានយន្ត និងមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរី ក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះ សំដៅកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៏ ដែលធ្វើឲ្យបាត់បង់អាយុជីវិត និងខូចខាតផលប្រយោជន៏ទាំងឯកជន និងរដ្ឋ ។

ជាលទ្ធផលគិតមកទល់នឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បើតាមរបាយការណ៏ពីការរិយាល័យចរាចណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានបង្ហាញថា កម្លាំងនគរបាលបានធ្វើការផាកពិន័យចំពោះបទល្មើសចរាចរណ៏បានចំនួន១១៦លើក រថយន្តចំនួន២១គ្រឿង ម៉ូតូចំនួន៩៥គ្រឿង គិតជាទឹកប្រាក់ដែលទទួលបានពីការផាកពិន័យចំនួនប្រមាណជាង២លានរៀល ។

តាមការឲ្យដឹងពីមន្ត្រីនគរបាលចរាចរណ៏ផ្លូវគោលបានឲ្យដឹងថា ការផាកពិន័យនេះកម្លាំងនគរបាលចរាចរណ៏ផ្លូវគោកបានប្រើប្រាស់កម្លាំងសរុប ចែកចេញជាពីរគោលដៅ នៅតាមដងផ្លូវជាតិលេខ៧៨ ដែលប្រជាពលរដ្ឋបានធ្វើដំណើរចូលក្រុងបានលុង ។ ប្រភពពីមន្រ្តីនគរបាលចរាចរណ៏បានបន្តទៀតថា ដោយសារលក្ខណៈភូមិសាស្ត្រ ប្រជាពលរដ្ឋនៅខេត្តនេះរស់នៅតំបន់ដាច់ស្រយ៉ាលមួយចំនួនជាពិសេសបងប្អូនជនជាតិដើមភាគតិចនៅមិនទាន់បានយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនៅឡើយទេ ដែលទាមទារឲ្យមានការផ្សព្វផ្សាយបន្ថែមទៀតដល់ពួកគាត់ ហើយកម្លាំងនគរបាលចរាចរណ៏បានព្យាយាមអប់រំណែនាំដល់ពួកគាត់ច្រើនជាងការផាកពិន័យ ។ សម្រាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅខេត្តរតនគិរី គឺការប្រើប្រាស់ម៉ូតូគ្មានការបង់ពន្ធនាំចូល មិនអាចធ្វើស្លាកលេខបាន ប៉ុន្តែម៉ូតូរបស់ពួកគាត់ចាស់ៗអស់ទៅហើយនោះ ។ ប្រជាពលរដ្ឋបានស្នើសុំឲ្យមានការត្រួតពិនិត្យបច្ចេកទេសយានយន្ត(ឈៀក) នៅក្នុងខេត្តផ្ទាល់ឬខេត្តជិតៗគ្នា ដើម្បីកាត់បន្ថយក្នុងការធ្វើដំណើរទៅធ្វើឈៀកនៅឯខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ ។ គេកត់សម្គាល់ឃើញថា បន្ទាប់ពីការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះមក ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រមាណ៩៥% មានការយល់ដឹង និងគោរពអនុវត្តតាមច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះ ដោយឡែកនៅតែពលរដ្ឋដែលនៅដាច់ស្រយ៉ាលពុំទាន់បានទទួលព័ត៌មានតែប៉ុណ្នោះ ដែលការយល់ដឹងពួកគាត់នៅមានកម្រិត ដូចជាការធ្វើដំណើររបស់ពួកគាត់មានមួកសុវត្ថិភាពតែអ្នកបើកបរ តែអ្នករួមដំណើរមិនបានពាក់មួកនោះទេ ។ 

សូមបញ្ជាក់ថា របាយការណ៍ពីស្នងការដ្ឋាននគរបានខេត្តបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥កន្លងទៅនេះករណីគ្រោះថ្នាក់ចរាចរណ៏មានចំនួន១២៨លើក កើនឡើងរហូតដល់២២លើក បើប្រៀបធៀបជាមួយឆ្នាំ២០១៤កន្លងទៅ មនុស្សស្លាប់ចំនួន៦១នាក់ កើនឡើង១៩នាក់ របួសធ្ងន់ ១៧០នាក់ កើនឡើង៧១នាក់ ស្រាល៧២នាក់កើនឡើង១នាក់ ៕

...

ដោយ៖ អ៊ុច សាវុទ្ធ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print