ភ្នំពេញ៖ កីឡាករ មាស ចន្ទមាន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបានប្រកួតសងសឹកកីឡាករថៃ ឈ្មោះ ភិច ណាំអេក បានសម្រេច ខណៈ ដែលកីឡាករ ង៉ែត រដ្ឋ មកពីក្លិបតា ព្រហ្មមានជ័យបានត្រឹមស្មើពិន្ទុជាមួយ កីឡាករថៃឈ្មោះ រ៉េដា កាលពីព្រឹក ថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ នៅសង្វៀនទូរទស្សន៍អាស៊ី អាគ្នេយ៍ ។
ទិដ្ឋភាពប្រកួតដ៏ជក់ចិត្ដរវាងកីឡាករ មាស ចន្ទមាន នឹងកីឡាករ ភិច ណាំអេក ពួកគេទាំង២នាក់បានព្យាយាមប្រើស្នៀត ទាត់ស្នៀតជង្គង់និងស្នៀតកណ្ដាប់ដៃ វាយប្ដូរគ្នាទៅវិញទៅមក ប៉ុន្ដែមិនពុះ កញ្ជ្រោលខ្លាំងនោះទេ ដោយកីឡាករ មាស ចន្ទមាន ហាក់ដូចជាខ្លាចស្នៀត កែងរបស់ ភិច ណាំអេក ។
ទោះបីយ៉ាងណាក៏ដោយកីឡាករ មាស ចន្ទមាន បានព្យាយាមប្រើស្នៀត ជង្គង់អុកទៅលើពោះ ភិច ណាំអេក ជាបន្ដបន្ទាប់រហូតដល់ចប់ទឹកទី៥ ។ រយៈពេលប្រកួត៥ទឹកខាងលើ មាស ចន្ទមាន ក៏រងនូវស្នៀតធាក់និងស្នៀត កណ្ដាប់ដៃពីភិច ណាអេក ចង់ទក់សាច់ ដែរ ។ ប៉ុន្ដែជាលទ្ធផលសម្រាប់ការ កាត់សេចក្ដីចាញ់ឈ្នះត្រូវបានគណៈកម្មការចៅក្រមដាក់ពិន្ទុឱ្យ មាស ចន្ទមាន ឈ្នះ ភិច ណាំអេក មិនឯកច្ឆន្ទ ។
ដោយឡែកជំនួបប្រកួតរវាង ង៉ែត រដ្ឋា នឹង រ៉េដា ត្រូវបានអ្នកទស្សនាកត់ សម្គាល់ឃើញថា កម្រិតបច្ចេកទេស ប្រកួតរបស់ពួកគេប្រហាក់ប្រហែលគ្នា ស្របពេលដែលគណៈកម្មការចៅក្រម ដាក់ពិន្ទុទាំង៥រូបក៏បានផ្ដល់ពិន្ទុស្មើគ្នាឱ្យទៅកីឡាករទាំង២នាក់នោះដែរ ៕
ដោយ៖ សារីម