បើកដំណើរ អនឡាញ ជិត៥ខែ ក្នុងសណ្ឋាគារ មណ្ឌលគិរី គណៈបញ្ជាការឯកភាពខេត្ត សំងំអោយឈឹង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ចិនបានជួលសណ្ឋាគារ មណ្ឌលគិរី ហៅ ស ឡា របស់ឧកញ៉ា ស ឡា ក្នុងរូបភាពស្នាក់នៅ ធ្វើអាជីវកម្មបម្រើសេវាម្ហូបអាហារ ទទួលភ្ញៀវ ជាសណ្ឋាគារដូចកន្លែងដទៃទៀត។ ប៉ុន្តែក្រុមចិនបានយកទីតាំងនេះបើកដំណើរ ល្បែងអនឡាញ តាមអិនធើណេត បើគិតមកដល់ពេលនេះជិត៥ខែ ទៅហើយ ខណៈគណៈបញ្ជាការឯកភាពខេត្ត លោក ស្វាយ សំអ៊ាង ជាមួយសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ហាក់ធូរលុងដែរ ជាឱកាសអោយចិនបានលួចដំណើរការ យ៉ាងរលូនទាំងបំពាន សរាចរណ៍រាជរដ្ឋាភិបាល លេខ០០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។
គេបានលួចទម្លាយថា៖ ជនជាតិចិនបានហ៊ុនគ្នាជាមួយជនជាតិខ្មែរ ឈ្មោះ ពៅ ហៅ ឡុង ជាថៅកែផ្ទះសំណាក់នៅក្រុងបាវិត ខេត្តស្វាយរៀង រហូតដល់មានហ៊ុនជាមួយចិនដល់៤០ភាគរយ និងបានជួលផ្ទះសំណាក់នៅក្រុងបាវិត មានចំនួន៤០បន្ទប់ អោយថៅកែចិននេះ ដើម្បីអោយចិនស្នាក់នៅ ឈានដល់រួមគំនិតគ្នាវិនិយោគលើមុខរបរ អនឡាញ អិនធើណេត អាចរកផលចំណេញច្រើន ខណៈរាជរដ្ឋាភិបាលបានបិទ តែអាចឃុបឃិតគ្នា ជាមួយអាជ្ញាធរ សមត្ថកិច្ច គ្រប់ជំនាញពាក់ព័ន្ធអោយលួចដំណើរការបាន គឺចិនប្រាកដជាទៅប្រមូលផ្តុំគ្នាលេងនៅទីនោះ។
គេពុំទាន់អាចបញ្ជាក់បានពីចំនួនComputer Online រៀបចំដំណើរនោះប៉ុន្មានគ្រឿងពិតប្រាកដទេ តែមានចិនកំពុងស្នាក់នៅជាប្រចាំប្រមាណជា៧០នាក់ ទៅ១០០នាក់ ។ ពួកគេអាចយកទីតាំងលេងល្បែងអនឡាញ នេះ ប្រព្រឹត្តអ្វីទៀត ហើយអ្វីដែលជាការព្រួយបារម្ភបំផុតបញ្ហាកើតបទល្មើស ក្រែងក្រុមចិនយកអនឡាញ អិនធើណេត ជាមធ្យោបាយបម្រើអោយបទល្មើស ជម្រិត កំហែងយក ដល់ជនជាតិចិនពួកគេ ឆ្លងដែន ហើយយកទឹកដីកម្ពុជាជាកន្លែងប្រព្រឹត្ត។ ករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបជាញឹកញាប់នៅតាមបណ្តារាជធានី-ខេត្ត ក្រោយមករាជរដ្ឋាភិបាល បានចេញសារាចរណ៍លេខ០០៧ សរណន ចុះថ្ងៃទី២០១៩ បិទអនឡាញ អិនធើណេត ល្បែងអេឡិចត្រូនិក គ្រប់ប្រភេទ។
ពាក់ព័ន្ធនិងការបើកដំណើរការ អនឡាញ ជិត៥ខែ ក្នុងសណ្ឋាគារ មណ្ឌលគិរី ហៅ ស ឡា អង្គភាព «នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបានទេ ពីលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលជាច្រើនដង គ្មានអ្នកទទួល។ ដោយឡែកលោក ទៀង សៅរ័ត្នន៍ ស្នងការរង នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា៖ កន្លងមកខាងនគរបាលក្រុង បានចុះទៅពិនិត្យស្រង់ស្ថិតិ រាយការណ៍មកវិញថា មានជនជាតិចិនស្នាក់នៅប្រមាណជា២០ទៅ ៣០នាក់ តែចំពោះត្រង់ថាមានករណីបើកអនឡាញ គាត់មិនទាន់បានគេ រាយការណ៍នៅឡើយក្នុងរឿងនេះ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាមួយអង្គភាព «នគរដ្រេហ្គន » តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣១ ខែមីនា បានបញ្ជាក់ថា៖ កាលមុនចូលឆ្នាំចិន ខ្ញុំឮដំណឹងថាចិនមានបំណងមកបើកអនឡាញនេះ តែចំពោះទឹកដីមណ្ឌលគិរី ដាច់ខាតគឺខ្ញុំមិនអនុញ្ញាត ព្រោះរាជរដ្ឋាភិបាលបានចេញសារាចរណ៍អោយបិទរួចហើយកាលពីខែសីហា ឆ្នាំ២០១៩ ។ លោកស្នងការបន្តថា៖ បើតាមខ្ញុំដឹងពួកគេបានចាកចេញតាំងពីចូលឆ្នាំចិននោះអស់ហើយ បច្ចុប្បន្នអាចនៅសេសសល់យ៉ាងត្រឹម ៣ទៅ៤នាក់ ដោយតែបញ្ហាជំងឺវីរុសកូរ៉ូណាកូវីដ១៩។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានអៈអាងថា៖ បើមានការលួចបើកអនឡាញខាងជំនាញខ្ញុំស្រាវជ្រាវដឹង គឺចុះបង្ក្រាបចាប់។ លើកលែងតែគេ មកជួលជុសជុលបន្ទប់ស្នាក់នៅ រៀបចំកន្លែងម៉ាស្សា ខារ៉ាអូខេ កន្លែងភោជនីយ៍ដ្ឋាន បម្រើអោយភ្ញៀវនោះ យើងគាំទ្រ និងមិនខុសច្បាប់ទេ។
ដោយឡែកជនជាតិខ្មែរ ឈ្មោះ ពៅ ហៅ ឡុង បានហ៊ុនគ្នាជាមួយថៅកែចិន ជួលបើកសណ្ឋាគារអោយចិនស្នាក់នៅ ឈានដល់បើកល្បែងអនឡាញ អិនធើណេត បើតាមទូរស័ព្ទជាមួយអង្គភាព «នគរដ្រេហ្គន » នៅព្រឹកថ្ងៃទី៣១ មីនា នេះ លោកបានបដិសេធ ហើយអៈអាងថា មិនបានបើកអនឡាញនោះទេ លោកថាអ្នករាយការណ៍អោយខាងកាសែតមិនដឹងច្បាស់។ តាមពិតលោកគ្រាន់តែជុសជុលបន្ទប់ធ្វើជាកន្លែងទទួលភ្ញៀវបានចំនួន៧០បន្ទប់ ។ លោកបន្តថា៖ ខ្ញុំមានក្រុមហ៊ុនទេសចរណ៍ ចឹងហើយត្រូវប្រមូលអ្នកវិនិយោគមកទីនេះ ភាគច្រើនគឺចិន ដើម្បីទំនាក់ទំនងរកសុី ហើយបើបើកអនឡាញមែន ក៏មិនអាចដំណើរទៅបាន។ ទី១ រាជរដ្ឋាភិបាលចេញច្បាប់បិទ ហើយសមត្ថកិច្ចជំនាញច្រើនណាស់ តែងមក និងតាមដានពីស្ថិតិភ្ញៀវចេញចូលជាប្រចាំ ។ ទី២ បើជាទីតាំងបើកអនឡាញលុះណាមានបន្ទប់ទំហំចាប់ពី៤០Mគុណ៤០M ឬធំជាងនេះ ចំពោះកន្លែងខ្ញុំជាបន្ទប់តូចៗ បើកបានតែបន្ទប់ស្នាក់នៅទទួលភ្ញៀវចំនួន៧០បន្ទប់តែប៉ុណ្ណោះ ហើយរៀបតែ Computer ៥គ្រឿងសម្រាប់ធ្វើការក៏គេឆ្លល់ មកពិនិត្យមើលដែរ។ ចំពោះថាចិនបានលួចបន្លំបើកអនឡាញ អិនធើណេតក៏ខ្ញុំធានាថាអត់មានដែរ។ លោកលើកឡើងថា៖ ពីមុនៗដូចជានៅក្រុងបាវិតអីគេអាចធ្វើបានអនឡាញ ដោយសាេគេធ្វើជាមួយអាជ្ញាបណ្ណកាសុីណូ តែសព្វថ្ងៃមិនអាចធ្វើបំពានច្បាប់បានទេ ហើយខ្ញុំក៏បានប្រាប់ទៅខាងប្រព័ន្ធផ្សពផ្សាយព័ត៍មាន ក្នុងខេត្តមណ្ឌលគិរី នេះរួចអស់ហើយ គឺអត់បានបើកអនឡាញទេ មានតែជួយអោយខ្មែរមានការងារធ្វើ សូម្បីតែអ្នកសម្អាតអនាម័យបានប្រាក់ខែ២០០ដុល្លារ ក្នុង១ខែ ហើយអ្នករៀបបន្ទប់១ខែ ២៥០ដុល្លារ ក្នុងតំលៃខ្ពស់បំផុត។
ប្រភពច្បាស់ការចេញពីផ្ទៃក្នុងបានបង្ហើបថា៖ អនឡាញ អិនធើណេត នៅក្នុងសណ្ឋាគារ មណ្ឌលគិរីនេះ បានដំណើរការជិត៥ខែហើយ អ្វីៗដំណើរការបាន មិនមែនជារឿងធម្មតាទេ បើគ្មានភ្លើងខៀវពី អាជ្ញាធរ សមត្ថកិច្ច គ្រប់ជំនាញ គួបផ្សំអ្នកគ្រប់គ្រងសណ្ឋាគារ មានទំនាក់ទំនងធ្វើការបានល្អ ហើយស្ងាត់ស្ងៀមផង ការបើក ការបិទ ងាយបំផុត បើបែកការណ៍ គឺផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមក ចៀសវាងកំពុបប្រយោជន៍ បែកការណ៍ដល់ថ្នាក់លើ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានចេញសារាចរ​ណែនាំស្តីពី៖ ​ការពង្រឹង​ ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈអិនធើណេត​អនឡាញ​ ក្នុង​ និងក្រៅ​ប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
រាជរដ្ឋាភិបាល​ណែនាំ មន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវ បង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិក ក្នុង និងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាបណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាបណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់​ក្នុងអាជ្ញាបណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុពលភាព​នៃអាជ្ញាបណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអិនធើណេត​អនឡាញ​ ក្នុង និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។
សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាអោយបិទកាសុីណូទូទាំងប្រទេស ចាប់ពីម៉ោង១២និង០០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងដោយដាក់ចេញនូវវិធានការ ដោយប្រាប់ដល់ម្ចាស់កាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៤៖០០នាទី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅរហូតដល់មានការជូនដំណឹងថ្មី ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បញ្ហាដែលលេចឮថា៖ នៅសណ្ឋាគារ មណ្ឌលគិរី ហ៊ានបើកដំណើការ អនឡាញ អិនធើណេត បានប្រមាណជិត៥ខែ ដល់បច្ចុប្បន្ន មិនមែនជារឿងតូចតាច ដែលគណៈបញ្ជាការឯកភាពខេត្ត ធ្វើមិនដឹង បើមិនបង្ក្រាបគួរតែផ្តល់ ជាដំណឹងខ្សឹបខ្សៀវអោយបិទទៅ នោះមិនសូវបាក់មុខ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print