ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានសម្របសម្រួលបញ្ជូនរូបបដិមាខ្មែរចំនួន២ ពីសហរដ្ឋអាមម៉េរិក មកឲ្យកម្ពុជាវិញ ក្រោយពីរឹបអូសបាននៅឆ្នាំ ២០០៥ និងឆ្នាំ២០១៧។ ពិធីទទួលបដិមា និងប្រោះព្រំបែបសាសនា ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី ៣មេសា ឆ្នាំ២០២០ នៅសារមន្ទីរជាតិ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិមាទាំងនេះ បានមកដល់កម្ពុជាហើយ នៅថ្ងៃទី៣មេសាឆ្នាំ២០២០នេះ។ ព្រះបដិមាទាំង២នោះ មានមួយជាដងខ្លួនទេវរូបភេទប្រុស ធ្វើពីថ្មភក់ ជាប្រភេទបដិមាទោល នៅសល់ដងខ្លួន គ្មានព្រះកេស ដៃទាំងពីរដាច់ត្រឹមដើមដៃ និងជើងទាំងពីរដាច់ត្រឹមភ្លៅ។ រីឯមួយទៀត ជាដងខ្លួនទេវរូបភេទប្រុស ធ្វើពីថ្មភក់ពណ៌ប្រផេះ មានមាឌមាំ រូបភាពគ្មានចលនា ស្លៀកសំពត់ចងក្បិនមានភ្លីសេ នៅលើជង្គង់មានផ្នត់រាបស្មើសាច់ នៅលើភ្លៅខាងឆ្វេងមានផ្នត់ធំៗ លំនាំដូចជាហោប៉ៅ នៅចំពីមុខមានផ្នត់រាងកន្ទុយត្រីពីរជាន់ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែក្រវាត់លាតពីរជាន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៕
ដោយ៖ សហការី