នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះអធិការនគរបាលស្រុកតាវែង ដែលបាញ់ គម្រាម ប្រមាថកូនចៅដូចសត្វធាតុ

ចែករំលែក៖

ខេត្តរតនគិរី៖ ទីបំផុត អធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី លោក សម្បត្តិ កុសល ដែលបានបាញ់គម្រាម សំឡុតជាច្រើនគ្រាប់ ជេរ ប្រមាថ កូនចៅដូចសត្វធាតុ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេច ផ្អាកការងារបណ្តោះអាសន្ន ចំពោះវរសេនីយ៍ទោ សម្បត្តិ កុសល អត្តលេខ ៥៧១៦៧ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាវែង ។ ដោយអោយមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដើម្បីរងចាំការសម្រេចជាថ្មី។ នេះបើយោងតាមសេចក្តីសម្រេច ស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ សម្បត្តិ កុសល អត្តលេខ ៥៧១៦៧ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាវែង ខេត្តរតនគិរី កាលពីចុងខែមីនា ឆ្នាំ២០២០ មន្ត្រីក្រោមឱវាទរបស់ខ្លួនបានប្តឹងទៅលោកស្នងការនគរបាលខេត្ត ករណីបុគ្គលរូបនេះបានបាញ់ សំឡុត គម្រាម ប្រមាថ ជេរ កូនចៅដូចសត្វធាតុ។ ក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា៖ យើងខ្ញុំទាំងអស់គ្នា ជាកងកម្លាំងអធិការដ្ឋាននគរបាលស្រុកតាវែង ខេត្តរតនគិរី រួមមាន៖ អធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីគ្រប់ជំនាញ និងនាយប៉ុស្តិ នាយរងប៉ុស្តិនគរបាលរដ្ឋបាលទាំងអស់ សូមប្តឹងលោកវរសេនីយ៍ទោ សម្បត្តិ កុសល អត្តលេខ៥៧១៦៧ អធិការនគរបាលស្រុកតាវែង បានប្រើអំពើហិង្សា បាញ់ គម្រាម ដោយអាវុធមកលើកងកម្លាំង និងជេរប្រមាថ ថា«ពួកអាឯង» ដោយសារតែខ្លាច ពួកអ្នករកសុី បានជាស្រុកតាវែងនេះ វាមិនរីកចម្រើនសោះ ផ្ទុយពីបទបញ្ជានគរបាលជាតិ។
ពួកគាត់បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ កាលពីយប់ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីយប់ លោកសម្បត្តិ កុសល មកមើលកងកម្លាំងយាម នៅចំណុចប៉ុស្តិសន្តិសុខ ភូមិតាវែង ស្ពានទី៣ ជាប់រង្វង់មូលស្រុកតាវែង ។ ដោយដំបូងគាត់សួរពួកខ្ញុំថា ដំបងសញ្ញាចរាចរណ៍នៅឯណា មេចមិនដាក់.? ពួកខ្ញុំឆ្លើយថា៖ អត់បានទទួលពីក្រុមវេនមុនទេមេ ពេលនោះគាត់ជេរថា (ពួកអាក្តួយម៉ែនេះ) រួចគាត់ទាញកាំភ្លើងម៉ាក(ឡុក) បាញ់ឡើងលើចំនួន៩គ្រាប់ និង២គ្រាប់ទៀត បាញ់ក្រោមអង្រឹងដំណេករបស់ពួកខ្ញុំ ក្រោមផ្ទះប៉ុស្តិសន្តិសុខ។
ពួកគាត់បានបន្តថា៖ ករណីផ្សេងទៀតក្រៅពីនេះ គឺមានច្រើនទៀត ដែលគាត់ប្រើអំណាច គៀបសង្កត់ ប្រមាថមើលងាយ គម្រាមកំហែងមកលើកងកម្លាំង និងបញ្ជាយើងខ្ញុំ អោយកៀបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ដែលរកសុីស្របច្បាប់ ដូចជាដឹកគ្រាប់ស្វាយចន្ទី ដឹកបន្លែផ្លែឈើ ត្រីសាច់តាមម៉ូតូ គឺត្រូវតែយកលុយទាំងអស់ តិចក្តីច្រើនក្តី។ ចំណុចមួយទៀតបច្ចប្បន្ននេះ រដ្ឋាភិបាលទប់ស្កាត់ និងបង្ក្រាបអោយបានតឹងរឹងបំផុត អំពី (បទល្មើសព្រៃឈើ) ប៉ុន្តែលោកអធិការបែជាបើកដៃអោយឈ្មួញចូលដឹកឈើតាមម៉ូតូ ជារៀងរាល់យប់ ក្នុង១យប់ ២គ្រឿងម៉ូតូ ។
ក្រៅពីនេះទៀត បានប្រើប្រាស់ពាក្យសំដីអួតអាង គម្រាម កំហែង មកលើយើងខ្ញុំ មានដូចជា៖
១-គាត់អួតអាងថា គាត់មានខ្នងធំ គ្មានអ្នកណាធ្វើអីគាត់បានទេ ។
២-គាត់ថាមកកាន់អធិការនេះ គឺអស់លុយ៥ទៅ៦មុឺនដុល្លារ ។
៣-មើលងាយ និងជេរថាពួកប៉ូលីស អាចម៍ក្ត មិនចេះរកលុយពីអ្នករកសុី ដឹកគ្រាប់ស្វាយចន្ទី ដឹកបន្លែផ្លែឈើ សាច់ជាដើម និងគម្រាមអោយយើងខ្ញុំ អោយដោះសម្លៀកបំពាក់ឯកសណ្ឋានចេញ។
៤-គម្រាម ផ្លាស់ប្តូរ ដកចេញយើងខ្ញុំពីក្របខ័ណ្ឌ គ្រប់ពេលវេលា ដោយគ្មានមូលហេតុ។
សូមបញ្ជាក់ថា៖ មន្ត្រីនគរបាល មន្ត្រីរាជការសុីវិល ប្រជាពលរដ្ឋ គាំចំពោះចំណាត់ការ នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានផ្អាកការងារបណ្តោះអាសន្ន អធិការនគរបាលស្រុកតាវែង ដែលបាញ់បោះ ប្រមាថកូនចៅដូចសត្វធាតុ ហើយសូមអោយជននេះ ត្រូវប្រឈមនិងបទល្មើសព្រហ្មទណ្ឌ ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ អ្នកអនុវត្តច្បាប់ បែជាបាញ់កូនចៅ សំដីអសីលធម៍ ពុករលួយនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print