ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក ក្នុងមួយថ្ងៃ មានអ្នកឆ្លងលើសពី១សែននាក់។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញក៏មានប្រទេស មួយចំនួនដូចជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានករណីឆ្លង មិនតិចជាង១០០នាក់ឡើយក្នុងមួយថ្ងៃ។ ជាក់ស្តែង ម៉ាឡេស៊ីរកឃើញឆ្លងកូវីដថ្មី១៧៩, ហ្វីលីពីន ១៥២ នាក់…។
ទន្ទឹមនឹងនោះក៏មានប្រទេសឆ្លងតិចតួច ដូចមីយ៉ានម៉ា ឡាវ ហើយប្រទេស កម្ពុជា និងវៀតណាម មិនមានករណីឆ្លងកូវីដ-១៩ នោះឡើយនៅថ្ងៃទី ៥ខែមេសានេះ ។ ប្រទេសនៅក្នុងតំបន់បានចាត់វិធានការតឹងតែងទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាព។
នៅក្នុងប្រទេសវៀតណាមក្រសួងសុខាភិបាលវៀតណាមបានប្រកាសដំណឹងល្អថា នៅទូទាំងប្រទេស គឺពុំមានសូម្បីតែមួយករណី ស្តីអំពីវីរុស COVID-19 ត្រូវបានកត់ត្រានៅថ្ងៃទី០៥ ខែមេសាឆ្នាំ២០២០ ។ នៅប្រទេសនេះ វីរុស COVID-19 បានឆ្លងសរុប២៤០ករណី ក្នុងនោះ៩០នាក់ បានជាសះស្បើយ ហើយនិងពុំមានករណីបាត់បង់ជីវិតនោះទេ ។
សារព័ត៌មាន VNA បានផ្សាយថានៅល្ងាច់ថ្ងៃទី៥ខែមេសាថា «ជាករណីទីមួយហើយ ដែលប្រទេសនេះ ពុំមានករណីឆ្លង COVID-19 ចាប់តាំងពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នោះរៀងរហូតមក»។ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា វៀតណាមបានកត់ត្រាវីរុស COVID-19 ថ្មីចំនួន៣ករណី កាលពីថ្ងៃទី៤ ខែមេសា ធ្វើឲ្យកើនឡើងសរុប២២៤ករណី គិតចាប់តាំងពីថ្ងៃទី៦ ខែមីនា ៕