រថយន្តក្រុងដឹកអ្នកដំណើរ ក្រឡាប់ផ្ងាជើង បណ្ដាលឱ្យមនុស្ស ១២នាក់​ រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តក្រុង​ដឹកអ្នកដំណើរ ប្រភេទ​គ្រែ ២ជាន់ បាន​ក្រឡាប់​បះជើងចូលប្រឡាយខណៈ​កំពុង​ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិចេញពីខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់​ខេត្តរតនគិរីបណ្តាលឱ្យមនុស្សជាច្រើននាក់នៅក្នុងនោះព្រលឹងចុងសក់រងរបួសធ្ងន់និងស្រាលតែសំណាងមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលាម៉ោង​០​៤.៣០នាទីទៀបភ្លឺថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០នៅត្រង់ចំណុចស្ពានទី២ ស្ថិតក្នុងភូមិពូលូងសង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ៖ បានជារថយន្តក្រុងដឹកអ្នកដំណើរខាងលើនោះក្រឡាប់ គឺ​ដោយសារ​តែអ្នកបើក​បរងងុយដេកមើលផ្លូវមិនច្បាស់ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយនៅ​ត្រង់ចំណុចផ្លូវកោងនិងចុះចំណោទខ្លាំងផងនោះ។

ប្រភពបន្តថា៖ ​ក្នុងហេតុការណ៍នោះបាន​បណ្តាល​ឱ្យអ្នកធ្វើ​ដំណើរ​ចំនួន ១២នាក់ រង​របួសធ្ងន់​និងស្រាល។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរនោះ បាន​រត់គេច​ខ្លួន​បាត់ស្រមោលភ្លាមៗដែរដោយបន្សល់ទុកអ្នកធ្វើដំណើរនិងរថយន្តនៅកន្លែងកើតហេតុនោះរដូករណែល។

ឯអ្ន​ករ​រង​របួស​ត្រូវ​សមត្ថកិច្ច​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​ក្នុងក្រុងសែនមនោរម្យនោះផងដែរ៕

...

ដោយ​ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print