ខេត្តមណ្ឌលគិរី៖ រថយន្តក្រុងដឹកអ្នកដំណើរ ប្រភេទគ្រែ ២ជាន់ បានក្រឡាប់បះជើងចូលប្រឡាយខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិចេញពីខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់ខេត្តរតនគិរីបណ្តាលឱ្យមនុស្សជាច្រើននាក់នៅក្នុងនោះព្រលឹងចុងសក់រងរបួសធ្ងន់និងស្រាលតែសំណាងមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង០៤.៣០នាទីទៀបភ្លឺថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០នៅត្រង់ចំណុចស្ពានទី២ ស្ថិតក្នុងភូមិពូលូងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ៖ បានជារថយន្តក្រុងដឹកអ្នកដំណើរខាងលើនោះក្រឡាប់ គឺដោយសារតែអ្នកបើកបរងងុយដេកមើលផ្លូវមិនច្បាស់ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយនៅត្រង់ចំណុចផ្លូវកោងនិងចុះចំណោទខ្លាំងផងនោះ។
ប្រភពបន្តថា៖ ក្នុងហេតុការណ៍នោះបានបណ្តាលឱ្យអ្នកធ្វើដំណើរចំនួន ១២នាក់ រងរបួសធ្ងន់និងស្រាល។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរនោះ បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរដោយបន្សល់ទុកអ្នកធ្វើដំណើរនិងរថយន្តនៅកន្លែងកើតហេតុនោះរដូករណែល។
ឯអ្នកររងរបួសត្រូវសមត្ថកិច្ចជួយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងសែនមនោរម្យនោះផងដែរ៕
ដោយ ជីវ័ន្ត