ខេត្តកំពង់ឆ្នាំង៖ បុរសជនជាតិវៀតណាម៣នាក់ត្រូវសមត្ថកិច្ចរដ្ឋបាលជលផលព័ទ្ធចាប់បានក្នុងពេលធ្វើសកម្មភាពល្មើសនេសាទដោយប្រើឧបករណ៍នេសាទប្រភេទជនរុញដោយប្រើប្រាស់កម្លាំងម៉ាស៊ីន ការឃាត់ចាប់នេះធ្វើឡើងកាលពីវេលាម៉ោង ២១យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចក្នុងដែនអភិរក្សជលផលព្រែកស្តីដកគង ស្ថិតក្នុងកន្លែងអភិរក្សជលផលទី៧ អតីតឡូតិ៍លេខ១០ ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ ង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ៣១ឆ្នាំ ទី២.ឈ្មោះ ប៊ូ យ៉ាំងតេវ ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់ជាជនជាតិវៀតណាម ស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងទី៣.ឈ្មោះ សេង ហុង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ជនសង្ស័យទាំង៣នាក់នេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមានទូក ម៉ាស៊ីន និង អួន ។
សមត្ថកិច្ចបានអោយដឹងទៀតថា ការព័ទ្ធចាប់ជនសង្ស័យទាំង៣នាក់នេះគឺបន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍ស្តីពីសកម្មភាពបទល្មើសនេសាទ កំពុងធ្វើសកម្មភាពនៅក្នុងដែនអភិរក្សដែលបង្ក ដែលជាកន្លែងហាមឃាត់ ជាដាច់ខាត ។ ក្រោយពីទទួលបានព័ត៌មានេះសមត្ថកិច្ចចម្រុះបានសហការគ្នាព័ទ្ធចាប់តែម្តង ។ នៅពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ។
តាមប្រភពបានបញ្ជាក់បានអោយដឹងថា បទល្មើសនេសាទប្រភេទនេះគឺភាគច្រើនជាជនជាតិវៀតណាមតែងតែបានធ្វើសកម្មភាពសឹងរាល់ថ្ងៃតែជំនាញនិងសមត្ថកិច្ចផ្សេង ហាក់បីដូចជាមើលមិនឃើញ ដែលករណីនេះប្រជាពលរដ្ឋបានចោទជាបញ្ហាថា តើទូកជនដែលរុញដោយកម្លាំងម៉ាស៊ីននេះតូចពេកមើលមិនឃើញ ឬ ដោយសារតែម្ចាស់ឈ្មួញបទល្មើសនេសាទទាំងនោះទទួលបានភ្លើងខៀវពីសមត្ថកិច្ច និងមន្រ្តីជំនាញនៅក្នុងមូលដ្ឋាននោះ កន្លងមកទូកជនរុញដោយកម្លាំងម៉ាស៊ីននេះមានជាច្រើនសឹងពេញទន្លេ តែពេលនេះលេងធ្ងន់ចំកន្លែងដែនអភិរក្សតែម្តង ។
ប្រភពបានអោយដឹងថា ការចាប់ជនសង្ស័យជនជាតិវៀតណាមនាពេលនេះ វាគ្រាន់តែគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ ដាក់នុយតូចស្ទូចយកត្រីធំ ដែលនេះជាជំនាញរបស់សមត្ថកិច្ចទៅហើយ ។ ករណីបទល្មើសនេសាទនេះប្រសិនបើសមត្ថកិច្ចមិនរួមគ្នាទប់ស្កាត់ទេនោះធនធានជលផលនឹងរលាយហិនហោចជាមិនខាននោះទេ ៕
ដោយ៖ ចន្ថា