ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចបានឃើញច្បាស់នូវការគោរពស្រឡាញ់ស្មោះស្ម័គ្រចេញពីបេះដូងពិតប្រាកដរបស់បងប្អូន កូន ក្មួយ ។
កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖
«កន្លងមកខ្ញុំធ្លាប់ សែលហ្វី (Selfie) ជាមួយដៃគូសន្ទនានយោបាយដែលមើលឃើញពីសំបកក្រៅហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់។ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយភាពមិនស្មោះត្រង់ ដែលធ្វើអោយខ្ញុំសោកស្តាយបំផុតមកទល់ពេលនេះ។
ថ្មីៗនេះខ្ញុំបានសាកល្បង Selfie ជាមួយយុវជន សិស្ស និស្សិត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលខ្ញុំបានឃើញច្បាស់នូវការគោរពស្រឡាញ់ស្មោះស្ម័គ្រចេញពីបេះដូងពិតប្រាកដរបស់បងប្អូនកូនក្មួយ។ ខ្ញុំរំភើបរីករាយដែលបានផ្តល់នូវក្តីស្រឡាញ់ មិត្តភាព ក្តីសង្ឃឹម និង ភាពកក់ក្តៅតាមរយះ Selfie ដែលខ្ញុំបានថតជាមួយបងប្អូនជនរួមជាតិ និងយុវជនជាទីស្រឡាញ់ ។ សូមអរគុណចំពោះឱកាសដែលបាន Selfie ជាមួយគ្នាតាមបែបសាមញ្ញបំផុត ដែលកាន់តែធ្វើអោយរូបខ្ញុំបានជិតស្និទជាមួយបងប្អូនជនរួមជាតិទាំងអស់គ្នា។
សូមសុខសន្តិភាព និងសេចក្តីគោរពស្រឡាញ់បន្តកើតមានដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស ហើយខ្ញុំសន្យាថែរក្សាការពារសន្តិភាពដើម្បីជនរួមជាតិ និងយុវជនកម្ពុជាកាន់តែមានឱកាសច្រើនឡើងដើម្បីអភិវឌ្ឍន៍សង្គមជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត» ៕