ខេត្តបន្ទាយមានជ័យ៖ គយប្រចាំនៅសាលាក្រហមបង្ក្រាបរថយន្តក្រុងក្រុមហ៊ុនកម្ពុជា អង្គរ អ៊ិចស្រេ្ពស ដឹកទំនិញគេចពន្ធខុសច្បាប់ក៏ប៉ុន្តែមិនបង្ក្រាបរថយន្តនីសាន់និងកាមរីដឹកទំនិញគេចពន្ធខុសច្បាដូចគ្នានោះទេ។
រថយន្តក្រុងរបស់ក្រុមហ៊ុនកម្ពុជាអង្គរ អ៊ិចស្ព្រេស មួយគ្រឿងដឹកទំនិញគេចពន្ធខុសច្បាប់ត្រូវគេប៉ាន់ប្រមាណមានតម្លៃរាប់ម៉ឺនដូល្លាត្រូវបានគយចល័ត ប្រចាំសាលាក្រហម ស្រុកអូរជ្រៅ បង្ក្រាបបានខណៈរថយន្តក្រុងមួយនោះធ្វើដំណើរចេញពីក្រុងប៉ោយប៉ែតបម្រុងឆ្ពោះទៅរាជធាណីភ្នំពេញ។
កម្លាំងគយបង្ក្រាបរថយន្តក្រុងដឹកទំនិញខុសច្បាប់នោះធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។នៅក្នុងរថយន្តក្រុងនោះគេសង្កេតឃើញមន្ត្រីគយធ្វើការឆែកឆេរនៅក្នុងឃ្លុបរថយន្តផ្នែកខាងក្រោមគឺមានរថយន្តទំនិញគេចពន្ធជាច្រើនប្រភេទ ដែលគេលាក់ទុកនៅខាងក្រោមឃ្លុបរថយន្តដើម្បីលាក់បាំងភ្នែកសមត្ថកិច្ច។
គយបង្ក្រាបបានតែប៉ុន្មានម៉ោងប៉ុណ្ណោះនិងដកហូតទំនិញទុករថយន្តក្រុងនោះក្រោយមកត្រូវបានដោះលែងទៅវិញបញ្ហាដោះលែងរថយន្តទៅវិញត្រូវគេដាក់ការស្ស័យមានភាពមិនប្រក្រតីក្រោមរូបភាពដោះលែងរថយន្តកុំឱ្យប៉ះពាល់ភ្ញៀវទេសចរណ៍គ្រាដែលនៅពេលគយបង្ក្រាបភ្លាមហើយអ្នកយកព័ត៌មានទៅដល់ភ្លាមនោះដែរដោយគេមិនឃើញមានភ្ញៀវជិះក្នុងរថយន្តនោះទេ។
ទំនិញដែលបង្ក្រាបដកហូតទុកមិនត្រូវបានគយទម្លាយប្រាប់ឱ្យដឹងថាមានចំនួនប៉ុន្មាននោះទេហើយមិនដឹងថាទំនិញអ្វីខ្លះនោះដែរបញ្ហានេះហាក់បីដូចជាមានរឿងអាថ៌កំបាំងនៅខាងក្រោយខ្នងនៃការង្ក្រាបរថយន្តក្រុងដឹកទំនិញខុសច្បាប់នោះ ពីព្រោះ លោក ម៉ក់សំ សំបាន អនុប្រធានសាខាគយ ដែលដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ និង លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ទើបតែមកទទួលតំណែងថ្មីនៅពេលអ្នកសារព័ត៌មានសាកសួរចង់ដឹងពីចំនួនពិតប្រាកដនៃទំនិញបង្ក្រាបនោះ។បែរជាពួកគេឆ្លើយដាក់គ្នាម្តងឱ្យទៅសួរកូនចៅហើយកូនចៅបែរឱ្យទៅសាកសួរមេទៅវិញទៅមកគ្មានអ្នកណាទទួលខុសត្រូវនោះឡើយ។
ជុំវិញនៃការបង្ក្រាបរថយន្តក្រុងរបស់ក្រុមហ៊ុន កម្ពុជា អង្គរអ៊ិចស្ព្រេស ខាងលើ លោក ឆែ សុធាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១២ ខែមករា ឱ្យដឹងថា លោក ជាអ្នកបញ្ជាផ្ទាល់ដើម្បីបង្ក្រាបរថយន្តក្រុងដឹកទំនិញខុសច្បាប់នោះ ។លោកមិនលើកលែងនោះឡើយចំពោះរថយន្តក្រុងទាំងឡាយណាដែលដឹកភ្ញៀវហើយទៅលួចលាក់បង្កប់ដឹកទំនិញខុសច្បាប់យកទៅភ្នំពេញ។លោកបំភ្លឺឱ្យដឹងទៀតថាចំពោះការដោះលែងរថយន្តទៅវិញគឺជាការដោះលែងបណ្តោះអាសន្ននៅពេលដល់ថ្ងៃកោះហៅចូលមកដោះស្រាយក្រុមហ៊ុននោះត្រូវតែចូលខ្លួនដោះស្រាយ ដោយយោគយល់ថាកុំឱ្យបង្កប៉ះពាល់ភ្ញៀវទេសចរណ៍ជិះលើរថយន្តនោះ។
ជុំវិញបញ្ហាបង្ក្រាបទំនិញគេចពន្ធខុសច្បាប់នោះដែរ អ្នកយកព័ត៌មានយើងបានចោទសួរលោកទៀតថា លោកមិនលើកលែងនោះទេត្រូវតែបង្ក្រាបរថយន្តក្រុងដឹកទំនិញគេចពន្ធខុសច្បាប់ ចុះបើរថយន្តកាមរីធុនតូចៗកាត់ពូកចោលអស់ និងរថយន្តនីសាន់មួយបាំង និងពីរបាំង ដឹកទំនិញគេចពន្ធជញ្ជូនដូចស្រមោច ហើយបើកឆ្លងកាត់កន្លែងត្រួតពិនិត្យគយសាលាក្រហម មិនតែប៉ុណ្ណោះឃើញម្ចាស់រថយន្តទាំងនោះរត់ទៅបង់លុយ ទៀតផង ហេតុអ្វីលោក មិនបង្ក្រាបផង នៅពេលនោះលោកឆ្លើយវិញថាបញ្ហានេះលោកមិននិយាយតាមទូរស័ព្ទនោះទេ ហើយក៏បិតទូរស័ព្ទបាត់។
បញ្ហាទំនិញដឹងតាមរថយន្តកាមរី និងដឹកតាមរថយន្តនីសាន់ លោក ថោង សុខាំភូ អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យដេលទើបផ្លាស់ប្តូរមុខតំណែងចេញទៅខេត្តកំពង់ធំធ្លាប់បាននិយាយក្នុងពិធីផ្លាស់ប្តូរប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីនោះថា រាល់ការដឹកទំនិញតាមរថយន្តកាមរី និងរថយន្តនីសាន់គឺសុទ្ធតែគ្មាន បង់ពន្ធនោះទេ ហើយលោកលើកឡើងទៀតថា ការរកស៊ីមិនបង់ពន្ធរបស់ម្ចាស់ទំនិញដឹកតាមរថយន្តកាមរីនិងនីសាន់នោះ តែងតែប្រឆាំងតវ៉ាជាមួយសមត្ថកិច្ចគយដែលខំប្រឹងបង្ក្រាបរថយន្តប្រមូលពន្ធចូលរដ្ឋ។
ជុំវិញវិធានការបង្ក្រាបរថយន្តក្រុងដឹកទំនិញខុសច្បាប់របស់គយប្រចាំសាលាក្រហមក្រោមការដឹកនាំរបស់ លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យទើបតែមកកាន់មុខតំណែងថ្មីនោះ ត្រូវអ្នកខេត្តបន្ទាយមានជ័យនាំគ្នានិយាយថា គាំទ្រវិធានការរបស់លោកដើម្បីប្រមូលពន្ធចូលរដ្ឋឱ្យកាន់តែខ្លាំងឡើង។ក៏ប៉ុន្តែការបង្ក្រាបនោះខ្លាចតែលោកប្រធានថ្មីធ្វើតែមួយដង្ហើមចង្រិតប្រើយុទ្ធសាស្ត្រវ៉ៃទឹកបង្អើលត្រីឱ្យចូលទ្រូ នៅពេលត្រីចូលទ្រូរួចហើយនាំគ្នាសម្ងំស្ងាត់ស្ងៀម ៕
ដោយ៖ សំ វិច្ឆិកា